ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃអង្គារនេះបានទាមទារជាថ្មីម្ដងទៀតឲ្យចិនកាត់បន្ថយរបាំងពាណិជ្ជកម្មបរទេស ដោយអះអាងថាក្ដីបារម្ភកាន់តែកើនឡើងដោយសារតែបរិយាកាសកាន់តែស្មុគស្មាញផ្នែកបទបញ្ញតិ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ទំនុកចិត្តពាណិជ្ជកម្មបរទេសបានរងផលប៉ះពាល់ដោយសារតែក្ដីបារម្ភអំពីបទបញ្ញតិនិងគោលនយោបាយបែបការពារនិយមរបស់ចិន បន្ទាប់ពីការស៊ើបអង្កេតកន្លងមករបស់រដ្ឋាភិបាលបានដៅទៅរកក្រុមហ៊ុនបរទេសនិងការដាក់ចេញច្បាប់សន្តិសុខជាតិដែលបានកំណត់លើការប្រើប្រាស់បច្ចេកវិទ្យាមកពីបរទេស។
ក្រុមពាណិជ្ជកម្មអាមេរិកក៏បានត្អូញត្អែរផងដែរអំពីបទបញ្ញតិថ្មីៗរបស់ចិនដែលពួកគេមើលឃើញថាផ្ដល់ភាពអនុគ្រោះដល់ក្រុមហ៊ុនក្នុងស្រុកនិងធ្វើឲ្យពួកគេពិបាកប្រតិបត្តិការនៅប្រទេសចិន ព្រមទាំងច្បាប់ដទៃទៀតទាក់ទងនឹងសន្តិសុខជាតិ។
រដ្ឋមន្ត្រីធនាគារជាតិអាមេរិក លោក Jack Lew បានប្រាប់ទៅក្រុមមន្ត្រីនិងពាណិជ្ជករអាមេរិកនិងចិនថា ក្ដីបារម្ភអំពីបរិយាកាសពាណិជ្ជកម្មបានកើតមានកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមហ៊ុនបរទេសប្រឈមនឹងបទបញ្ញតិកាន់តែស្មុគស្មាញនិងចោទជាសំណួរឡើងថា តើក្រុមហ៊ុនបរទេសទទួលបានការស្វាគមន៍នៅចិនឬទេ។
លោក Jack Lew ដែលកំពុងចូលរួមកិច្ចពិភាក្សាកំពូលរវាងអាមេរិកនិងចិននៅទីក្រុងប៉េកាំងនោះ បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនួលខុសត្រូវក្នុងការជំរុញលក្ខខណ្ឌដែលសម្រួលដល់ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម៕