ក្រុមឧក្រិដ្ឋជនហ្វីលីពីនបានប្រកាសផ្ដល់ប្រាក់រង្វាន់៣សែនផោនទៅដល់នរណាម្នាក់ដែលអាចសម្លាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte។
សារព័ត៌មាន The Jakarta Post របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថាអនាគតមេនគរបាលជាតិហ្វីលីពីន លោក Ronald Dela Rosa បាននិយាយថាមេឈ្មួញគ្រឿងញៀនដែលចង់សម្លាប់លោកនិងអនាគតប្រធានាធិបតីថ្មី លោក Ridrigo Duterte បានបង្កើនប្រាក់រង្វាន់ដើម្បីធ្វើឃាតលោក។
ទោះជាយ៉ាងណាអនាគតមេនគរបាលថ្មីរូបនេះនៅតែភ្ញាក់ផ្អើលនឹងការគំរាមធ្វើឃាតទៅលើរូបលោកនិងអនាគតប្រធានាធិបតីថ្មីនោះឡើយ។
លោក Dela Rosa និយាយថាប្រាក់រង្វាន់សម្រាប់សម្លាប់លោកនិងលោក Duterte បានកើនឡើងពីជាង២១ម៉ឺនដុល្លារទៅដល់ជាង១លានដុល្លារ ដោយសារពុំមានអ្នកហ៊ានយកប្រាក់រង្វាន់នោះ។
ការគំរាមកំហែងយកជីវិតលោក Duterte បានកើតឡើងក្រោយពីមេដឹកនាំរូបនេះជំរុញឲ្យសាធារណជនចូលរួមក្នុងយុទ្ធនាការរបស់លោកប្រឆាំងឧក្រិដ្ឋកម្ម បន្ទាប់ពីលោកនិយាយថាលោកនឹងផ្ដល់រង្វាន់ដល់នរណាដែលបានសម្លាប់ឈ្មួញគ្រឿងញៀន។
កាលពីសប្ដាហ៍មុនប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះក៏បានប្រមាថទៅលើអ្នកកាសែតនៅក្នុងប្រទេសហ្វីលីពីនផងដែរ ដោយលោកថាអ្នកកាសែតពុករលួយនិងជាប់ពាក់ព័ន្ធនឹងសកម្មភាពពុករលួយសមតែត្រូវបានគេបាញ់សម្លាប់៕