ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំទ្វីបបានចាប់នៅល្ងាចថ្ងៃសុក្រនេះហើយ ដោយក្រុមម្ចាស់ផ្ទះបារាំងនឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិរ៉ូម៉ានី នៅឯកីឡដ្ឋាន Stade de France ចំពេលមានក្ដីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ។
បារាំងនៅតែដាក់ប្រទេសឲ្យស្ថិតនៅក្រោមការប្រកាសអាសន្ននៅឡើយ បន្ទាប់ពីការវាយប្រហារកាលពីខែវិច្ឆិកាឆ្នាំមុនដែលបានសម្លាប់មនុស្ស១៣០នាក់។
សារព័ត៌មាន BBC បានរាយការណ៍ថានគរបាល ទាហាន និងសន្តិសុខឯកជនជាង៩ម៉ឺននាក់នឹងត្រូវបានគេដាក់ពង្រាយនៅអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ ខណៈអ្នកគាំទ្របាល់ទាត់៧លាននាក់ត្រូវបានគេរំពឹងថានឹងចូលទៅទស្សនាការប្រកួតដោយផ្ទាល់នៅតាមបណ្ដាទីក្រុងនានារបស់បារាំង។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអង់គ្លេសក៏បានព្រមានទៅដល់អ្នកគាំទ្រថា ពួកគេអាចមានហានិភ័យ។
ប៉ុន្តែសហព័ន្ធបាល់ទាត់អឺរ៉ុបនិងអាជ្ញាធរបារាំងបានអះអាងថា ពួកគេបានធ្វើអ្វីគ្រប់យ៉ាងតាមតែធ្វើបាន ដើម្បីថែរក្សាសុវត្ថិភាពអ្នកទស្សនា២.៥លាននាក់ ដែលគេរំពឹងថានឹងចូលមើលការប្រកួតចំនួន៥១លើក។
គ្រាន់តែទីក្រុងប៉ារីសមួយមានដាក់ពង្រាយកម្លាំងសន្តិសុខយ៉ាងតិច១៣ ០០០នាក់ ដើម្បីល្បាតតាមតំបន់និងកីឡដ្ឋានចំនួន២កន្លែង ហើយប្រទេសនេះបានអនុញ្ញាតឲ្យនគរបាលប្រើអំណាចបន្ថែម ដើម្បីស្វែងរកនិងឃុំខ្លួនមនុស្សនៅក្នុងផ្ទះ។
លោក Richard Walton អតីតប្រធានផ្នែកប្រឆាំងភេរវកម្មនៃនគរបាលទីក្រុងប៉ារីសបាននិយាយថាសុវត្ថិភាពនៅអំឡុងព្រឹត្តិការណ៍នេះរងការគំរាមកំហែងជាងព្រឹត្តិការណីកីឡាអន្តរជាតិដទៃនៅក្នុងប្រវត្តិសាស្ត្រ។
ដោយមានអ្នកគាំទ្រអង់គ្លេសប្រហែល៥ម៉ឺននាក់ក្នុងចំណោមអ្នកគាំទ្រ៧លាននាក់នៅបារាំង ក្រសួងការបរទេសអង់គ្លេសបានព្រមានថាកីឡដ្ឋានតំបន់អង្គុយរបស់អ្នកគាំទ្រនិងទីតាំងដឹកជញ្ជូនអាចជាគោលដៅនៃការវាយប្រហារ។
កាលពីថ្ងៃព្រហស្បតិ៍នេះដែរអ្នកគាំទ្រអង់គ្លេស២នាក់ត្រូវបាននគរបាលចាប់ខ្លួនបន្ទាប់ពីនគរបាលបានប្រើហ្គាសបង្ហូរទឹកភ្នែក ដើម្បីបំបែកការប្រមូលផ្ដុំបែបពុះកញ្ជ្រោលរបស់ពួកគេនៅខាងក្រៅទីតាំងកម្សាន្តមួយនៅទីក្រុង Marseille។
នគរបាលបាននិយាយថាអ្នកគាំទ្រម្នាក់ត្រូវបាននគរបាលចាប់ខ្លួនដោយសារបានវាយតប់ទៅលើអ្នកបម្រើការក្នុងបារនិងម្នាក់ទៀតត្រូវបានចាប់ខ្លួន ដោយបង្កភាពហិង្សារញ៉េរញ៉ៃ។ អ្នកគាំទ្រអង់គ្លេសម្នាក់បានរងរបួសនៅត្រង់ក្បាលបន្ទាប់ពីរងនឹងការវាយប្រហារដោយកៅអីឈើ៕