ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានព្រមានចំពោះកូដកម្មដែលប៉ុនប៉ងរំខានព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបដែលនឹងចាប់ផ្ដើមនៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃសៅរ៍នេះ។
ប្រទេសបារាំងកំពុងប្រឈមមុខនឹងកូដកម្មនានានៅក្នុងវិស័យឧស្សាហកម្មដែលទាមទារឲ្យកែទម្រង់ច្បាប់ការងារ ហើយកូដកម្មបុគ្គលិករថភ្លើងអាចនឹងប៉ះពាល់ដល់ការបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបនៅរាត្រីថ្ងៃសុក្រនេះ។
ក្រុមអ្នកបើកបររថភ្លើងកំពុងគំរាមធ្វើកូដកម្មនៅតាមខ្សែរថភ្លើងដែលភ្ជាប់ទៅកីឡដ្ឋាន Stade de France នៅខាងក្រៅទីក្រុងប៉ារីស។
កីឡដ្ឋាននេះនឹងរៀបចំព្រឹត្តិការណ៍បើកការប្រកួតកីឡាបាល់ទាត់អឺរ៉ុបរវាងក្រុមម្ចាស់ផ្ទះបារាំងនិងក្រុមជម្រើសជាតិរ៉ូម៉ានី។
សារព័ត៌មាន BBC បានរាយការណ៍ថាក្រុមអ្នកគាំទ្របាល់ទាត់ដែលបានធ្វើដំណើរទៅដល់ទីក្រុងប៉ារីសនិងទីក្រុងនានានៅសប្ដាហ៍នេះ ទទួលបានការស្វាមន៍ជាមួយនឹងសញ្ញានិងក្លិនសំរាមសាយភាយចេញពីស្បោង ដែលគេមិនបានប្រមូលចេញ ដោយសារតែក្រុមសហជីពធ្វើកូដកម្មដោយបដិសេធប្រមូលសំរាមទាំងនោះ។
ប្រទេសនេះក៏ប្រុងប្រយ័ត្នខ្ពស់ផងដែរចំពោះបញ្ហាសន្តិសុខនិងសុវត្ថិភាពដោយសារការវាយប្រហាររបស់ក្រុមជីហាដទៅលើទីក្រុងប៉ារីសកាលពីខែវិច្ឆិកាឆ្នាំមុន ហើយកំពុងស្ដារការខូចខាតបណ្ដាលមកពីទឹកជំនន់នៅភាគខាងជើងនិងភាគកណ្ដាល។
លោក ហូឡង់ បានថ្លែងថាគ្រប់គ្នាមានភារកិច្ចធានាថា ការប្រកួតនឹងដំណើរការទៅដោយគ្មានបច្ច័យអាក្រក់កើតឡើងនោះឡើយ។
លោក ហូឡង់ បានថ្លែងបន្តថា លោកស្នើឲ្យគ្រប់គ្នាមានទំនួលខុសត្រូវ ដោយសារប្រទេសត្រូវបំពេញភារកិច្ចនេះ ហើយរដ្ឋាភិបាលនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានានូវការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍នេះ៕