សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញនាំខ្លួនមកសាកសួរក្នុងនាមជាសាក្សីលើសំណុំរឿងសមគំនិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដែលបង្ហោះតាមទំព័រ Facebook លោក សម រង្ស៊ី កាលពីខែសីហា ឆ្នាំ២០១៥ ហើយលោក សម រង្ស៊ី រងការចោទថាបានសមគំនិតក្នុងសំណុំរឿងនេះដែរ។
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះតុលាការបាននាំខ្លួនលោក ហុង សុខហួរ មកសាកសួរបន្ថែម បន្ទាប់ពីតុលាការឃុំខ្លួនលោកបណ្តោះអាសន្ននៅពន្ធនាគារព្រៃសតាំងពីខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទ៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយពីបញ្ចប់ការសាកសួរនៅម៉ោងជាង១០ព្រឹក លោក ហុង សុខហួរ ប្រាប់អ្នកសារព័ត៌មាននៅពេលសមត្ថកិច្ចនាំចូលរថយន្តថាគាត់ត្រូវចៅក្រមសាកសួរក្នុងនាមជាសាក្សីទាក់ទងនឹងការចោទលើលោក សម រង្ស៊ី។ លោកបន្ថែមថា៖ “ខ្ញុំក្នុងនាមជាសាក្សី បាទ[សំណុំរឿង លោក សម រង្ស៊ី] ឥឡូវមិនទាន់ដឹងយ៉ាងណាទេ គ្រាន់តែសាកសួរ“។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថា នេះជាការស្តាប់ចម្លើយលោក ហុង សុខហួរ ជាលើកទី២ក្នុងសំណុំរឿងដែលបំបែកចេញពីសំណុំរឿងដើមក្លែងឯកសារសាធារណៈនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោកបញ្ជាក់ទៀតថានេះជាការសាកសួរក្នុងនាមសាក្សីក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ លោកបន្តទៀតថា៖ “ចៅក្រមសើុបសួរបន្តការសើុបសួរទៅលើបុគ្គលដែលជាប់ពាក់ព័ន្ធនិងពិនិត្យលើភស្តុតាងនានានៅក្នុងរឿតក្តីនេះ“។
គួររំឭកថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម។
គួរបញ្ជាក់ដែរថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិគ្រឹះមួយនៅតំបន់ភ្នំពេញថ្មី ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩៕ ដោយលោក ទូច សុខា និងលោក លី បេឡា