លោក ស៊ឹង​ ប៊ុណ្ណា ប្រាប់​តុលាការ​ថាគ្មាន​បំណង​ចេញ​មូលប្បទានបត្រ​អត់​លុយ​

អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ លោក ស៊ឹង ប៊ុណ្ណា បានប្រាប់តុលាការថាលោកមិនមានបំណងក្នុងការចេញមូលប្បទានបត្រ(សែក)អត់លុយនោះទេ ខណៈលោកត្រូវបានតុលាការនាំមកសួរនាំបន្ថែមពាក់ព័ន្ធនឹងការចោទថាចេញសែកអត់លុយជាង៤០ម៉ឺនដុល្លារ។

កាលពីថ្ងៃទី១០ ខែមិថុនា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នតាមបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់។

មេធាវីការពារក្តីឲ្យលោក ស៊ឹង ប៊ុណ្ណា លោក ជាវ តុលា មានប្រសាសន៍ប្រាប់វីអូឌីថាតុលាការបានសាកសួរលោក ប៊ុណ្ណា នៅព្រឹកនេះអំពីរឿងដែលលោកត្រូវអយ្យការចោទប្រកាន់នោះតែលោកថា ជាការឆ្លើយតបលោក ប៊ុណ្ណា បានប្រាប់ទៅតុលាការវិញថា លោកមិនមានបំណងក្នុងការចេញសែកអត់ទឹកប្រាក់ទៅកាន់ដើមបណ្តឹងនោះទេ ដោយលោកថាការចេញសែកនេះគឺជាការតម្កល់ទុកដោយមានកិច្ចសន្យាច្បាស់លាស់។

លោកថា៖ “គាត់[ស៊ឹង ប៊ុណ្ណា] ឆ្លើយថាសែកហ្នឹងមិនមែនគាត់ចេញដើម្បីសងប្រាក់គេទេគឺយើងមានកិច្ចសន្យាជាមួយហ្នឹងគ្នាថា ជាការតម្កល់ទុកទេ។ មានន័យថាមិនមែនជាសែកសម្រាប់ធ្វើការទូទាត់ប្រាក់ទេ

លោកមេធាវីបានបញ្ជាក់ថា៖ គឺគាត់[ស៊ឹង ប៊ុណ្ណា]មានកិច្ចសន្យាជាមួយហ្នឹងគ្នាពីអ្នកម្ចាស់បំណុលនិងមានប្រថាប់ត្រាមេធាវីនៅក្នុងហ្នឹងគឺបញ្ជាក់ថាសែកដែលគាត់ចេញនេះគឺគ្រាន់តែជាការតម្កល់ទុកតែប៉ុណ្ណោះ ហើយក្នុងពេលគាត់អត់លុយគឺមានបុគ្គលផ្សេងមួយទៀតមានឈ្មោះនៅក្នុងកិច្ចសន្យាហ្នឹង គាត់ជាអ្នកធានាក្នុងការទូទាត់ប្រាក់សងទៅម្ចាស់បំណុលដោយមិនឲ្យជាប់ពាក់ព័ន្ធនឹងលោក ប៊ុណ្ណា ទេ

លោកមេធាវីបានបន្ថែមថានៅពេលនេះខ្លួនកំពុងតែពិនិត្យមើលសំណុំរឿងនិងកំពុងរៀបចំឯកសារដើម្បីសុំឲ្យលោក សឹង ប៊ុណ្ណា បាននៅក្រៅឃុំ ដោយលោកសង្ឃឹមថាតុលាការនឹងពិនិត្យមើលលទ្ធភាពនានាដែលអាចឲ្យកូនក្តីលោកបាននៅក្រៅឃុំបណ្តោះអាសន្នបាន។

វីអូឌីមិនទាន់អាចទាក់ទងលោក កែវ ហ៊ុន ដែលជាម្ចាស់នៃបណ្តឹងនេះដើម្បីបញ្ជាក់បន្ថែមបាននៅឡើយទេ។

លោក សឹង ប៊ុណ្ណា ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថាលោកត្រូវបានប្តឹងដោយលោក កែវ ហ៊ុន ដោយសារតែលោកបានចេញសែកអត់លុយចំនួន៤០ម៉ឺនដុល្លារដល់លោក កែវ ហ៊ុន។

បើតុលាការរកឃើញថាលោកមានកំហុស លោកនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួន២លានរៀលដល់៦លានរៀលនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered