បាតុករ១ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅលើកោះអូគីណាវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីតវ៉ាប្រឆាំងទៅនឹងវត្តមានកងទ័ពអាមេរិកនៅទីនោះ។
សារព័ត៌មាន BBC បានរាយការណ៍ថាក្រុមបាតុករខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអតីតទាហានជើងទឹកអាមេរិកម្នាក់ដែលបម្រើការជាបុគ្គលិកស៊ីវិលត្រូវបានគេចាប់ខ្លួនជុំវិញករណីរំលោភសម្លាប់លើនារីជនជាតិជប៉ុនវ័យ២០ឆ្នាំម្នាក់។
ករណីនេះបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងប្រឆាំងទៅនឹងមូលដ្ឋានយោធាអាមេរិកដោយជំរុញឲ្យដកបុគ្គលិកកងទ័ពអាមេរិកចេញពីដែនកោះនោះជាទីដែលអាមេរិកដាក់កងទ័ព២៦ ០០០នាក់។
ទាហានទាំងនោះរស់នៅនិងបម្រើការនៅលើមូលដ្ឋានយោធានោះដែលគ្របដណ្ដប់លើផ្ទៃដី១/៥នៃដែនកោះទាំងមូលនិងជាផ្នែកសំខាន់មួយនៃសម្ព័ន្ធភាពយោធារវាងជប៉ុននិងអាមេរិក។
បាតុកម្មនេះបានចាប់ផ្ដើមឡើងជាមួយការឈរស្មឹងស្មាធរំលឹកដល់ជនរងគ្រោះនាង Rina Shimabukuro។ ក្រុមបាតុករបានកាន់បដាដែលសរសេរថា «កំហឹងពួកយើងបានកើនឡើងលើសពីព្រំដែនកំណត់ហើយ» និង «ដកកងទ័ពចេញទៅ!»។
បុគ្គលិកអាមេរិកវ័យ៣២ឆ្នាំម្នាក់ដែលបម្រើការនៅក្នុងមូលដ្ឋានយោធានោះត្រូវបានគេចាប់ខ្លួនកាលពីខែមុន ពាក់ព័ន្ធទៅនឹងឃាតកម្មលើនាង Shimabukuro។
ក្រុមបាតុករបានអំពាវនាវឲ្យលុបចោលផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននិងក្រុងតូក្យូដែលចង់ផ្លាស់ប្ដូរមូលដ្ឋានកងទ័ពជើងទឹកចេញពីភាគកណ្ដាលនៃកោះអូគីណាវ៉ាទៅតំបន់កាន់តែឆ្ងាយ។
អភិបាលក្រុងអូគីណាវ៉ាលោក Takeshi Onaga ដែលបានចូលរួមក្នុងបាតុកម្មនោះដែរបានជំទាស់ទៅនឹងផែនការនេះនិងចង់ឲ្យលុបចោលមូលដ្ឋានយោធានេះទាំងស្រុង៕