អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃម្សិលមិញថាអំពើហិង្សាដែលកំពុងកើតឡើងយ៉ាងរាលដាលប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសភូមាអាចរាប់ចូលទៅក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
ដោយដកស្រង់ខ្លឹមសារនៃរបាយការណ៍សិទ្ធិមនុស្សចេញផ្សាយដោយអង្គការសហប្រជាជាតិទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសភូមាបានរងនូវការរំលោភបំពានសិទ្ធិមនុស្សតាមរូបភាពនានាដូចជាបដិសេធសិទ្ធិជាពលរដ្ឋ ពលកម្មដោយបង្ខំ និងអំពើហិង្សាផ្លូវភេទជាដើម។
នៅក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សជនជាតិភាគតិចនៅភូមា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរកឃើញថាដានអំពើហិង្សាប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ាដែលរងការវាយប្រហារជាប្រព័ន្ធនោះបង្ហាញនូវសញ្ញានៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
របាយការណ៍នេះត្រូវបានគេចេញផ្សាយចំពេលមានក្ដីសង្ឃឹមថារដ្ឋាភិបាលភូមាថ្មីដែលកាច់ចង្កូតដោយលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សរបស់លោកស្រី នឹងដោះស្រាយជម្លោះដ៏ជ្រាលជ្រៅនេះដែលបានកើតឡើងនៅរដ្ឋរ៉ាកឃីនភាគខាងលិចប្រទេសនេះ។
ជនជាតិរ៉ូហ៊ីងយ៉ា១ម៉ឺននាក់ត្រូវបានគេប្រមូលផ្ដុំឲ្យនៅក្នុងជំរុំនានាបន្ទាប់ពីរលកអំពើចលាចលដ៏បង្ហូរឈាមមួយជាមួយពុទ្ធសាសនិកកាលពីឆ្នាំ២០១២។
ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Zeid Ra’ad Al Hussein បាននិយាយថាលោកត្រេកអរចំពោះសេចក្ដីថ្លែងការណ៍នានាធ្វើឡើងដោយរដ្ឋាភិបាលថ្មីភូមានាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
ប៉ុន្តែលោកបានព្រមានថារដ្ឋាភិបាលដ៏ក្មេងខ្ចីមួយនេះបានឡើងដឹកនាំប្រទេសមួយដែលច្បាប់និងគោលនយោបាយត្រូវបានគេរៀបចំឡើង ដើម្បីបដិសេធសិទ្ធិរបស់ក្រុមជនជាតិភាគតិច ហើយនិទណ្ឌភាពចំពោះអំពើហិង្សាទៅលើសហគមន៍ជនជាតិភាគតិចបែបនេះបានជំរុញឲ្យមានអំពើហិង្សាបន្ថែមទៀតទៅលើពួកគេ៕