ឥណ្ឌាបានទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចំនួន ២០គ្រឿង នៅលើយានតែមួយ នៅថ្ងៃនេះ ដែលវាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីអវកាសរបស់ប្រទេសនេះ។
សារព័ត៌មាន BBC បានរាយការណ៍ថា ផ្កាយរណបទាំងនោះ គឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី។
ផ្កាយរណបទាំងនោះ ត្រូវបានគេបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Sriharikota នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។
ក្រុមអ្នកអង្កេតការណ៍ និយាយថា នេះគឺជាសញ្ញាបង្ហាញថា ឥណ្ឌាកំពុងបង្ហាញខ្លួនជាតួអង្គដ៏សំខាន់មួយនៅក្នុងទីផ្សារផលិត និងបាញ់ផ្កាយរណបមានតម្លៃច្រើនពាន់លានដុល្លារ។
ការបាញ់ផ្កាយរណបក្នុងចំនួនច្រើនបែបនេះ បានធ្វើឲ្យឥណ្ឌាតាមពីក្រោយរុស្ស៊ី ដែលធ្លាប់បញ្ជូនផ្កាយរណបសរុប ៣៧គ្រឿង នៅក្នុងឆ្នាំ២០១៤ និងសហរដ្ឋអាមេរិក ដែលបានបញ្ជូនផ្កាយរណបសរុប ២៩គ្រឿង នៅក្នុងគ្រាប់រ៉ុកកែតមួយដើម។
ខណៈដែលមន្ត្រីរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រឥណ្ឌា ឈរសម្លឹងមើលការបាញ់នោះ គ្រាប់រ៉ុកកែតផ្ទុកទៅដោយផ្កាយរណបចំនួន ២០គ្រឿង បានផ្ដាច់ខ្លួនចេញពីជើងទម្រ នៅក្នុងរដ្ឋ Andhra Pradesh។
គ្រាប់រ៉ុកកែតនោះ ផ្ទុកទៅឧបករណ៍នានា ចាប់ពីឧបករណ៍មានទម្ងន ១.៥គីឡូក្រាម រហូតដល់ឧបករណ៍មានទម្ងន់ជាង ៧០០គីឡូក្រាម។
គ្រាប់រ៉ុកកែតនោះ បានផ្ទុកនូវផ្កាយរណបផលិតផែនទីរបស់ឥណ្ឌា ព្រមទាំងផ្កាយរណបរបស់សាកលវិទ្យាល័យនានាក្នុងប្រទេសនេះ និងរបស់បណ្ដាប្រទេសនានា ក្នុងនោះ មានផ្កាយរណប ១៣គ្រឿងរបស់អាមេរិក និង ១គ្រឿងគឺជាផ្កាយរណបរបស់ក្រុមហ៊ុន Google។