ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានសាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមថ្មីចំនួន២នៅថ្ងៃពុធនេះ ដោយការបាញ់គ្រាប់មីស៊ីលមួយបានទទួលបរាជ័យ។
ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានផ្សាយថា ការបាញ់សាកល្បងគ្រាប់ទី១ដែលធ្វើឡើងនៅម៉ោងប្រហែល៥ព្រឹកនោះបានទទួលបរាជ័យ។ ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាងត្បូងនៅមិនទាន់អាចបញ្ជាក់ពីការបាញ់សាកល្បងគ្រាប់ទី២នៅឡើយទេ។ ការបាញ់សាកល្បងគ្រាប់ទី២ត្រូវបានគេដឹងថាធ្វើឡើងនៅឆ្នេរភាគខាងកើតដដែលនៅរយៈពេល២ម៉ោងក្រោយមក។
គេជឿថាគ្រាប់មីស៊ីលទាំងពីរនោះគឺជាគ្រាប់មីស៊ីល Musudan រយៈចម្ងាយមធ្យមដែលអាចរត់ទៅដល់មូលដ្ឋានយោធាអាមេរិកនៅកោះ Guam។
កូរ៉េខាងជើងបានទទួលបរាជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទនេះចំនួន៤លើករួចមកហើយនៅក្នុងឆ្នាំនេះ ដោយវាបង្ហាញឲ្យឃើញពីបរាជ័យនៃកម្មវិធីផលិតអាវុធនុយក្លេអ៊ែរដែលគំរាមកំហែងទៅលើសហរដ្ឋអាមេរិក។
អង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចមួយដោយហាមឃាត់កូរ៉េខាងជើងមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលនេះឡើយ ហើយមន្ទីរប៉ង់តាហ្គោនអាមេរិកបានព្រមានដាក់ទណ្ឌកម្មបន្ថែមទៀតចំពោះក្រុងព្យុងយ៉ាងដែលព្យាយាមសាកល្បងគ្រាប់មីស៊ីលនេះ៕