មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានថ្លែងព្រមានថាបើប្រជាពលរដ្ឋអង់គ្លេសសម្រេចចិត្តបោះឆ្នោតចាកចេញពីប្លុកអឺរ៉ុបហើយ នឹងមិនអាចវិលត្រលប់មកចរចាវិញនៅពេលក្រោយបានទេ។
ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបលោក Jean-Claude Juncker ថ្លែងនៅពេលល្ងាចមុនបោះឆ្នោតស្ទង់មតិថា លទ្ធផលចុងក្រោយការចាកចេញគឺចាកចេញ ហើយអង់គ្លេសនឹងមិនអាចមានទំនាក់ទំនងល្អ ជាមួយ EU ដូចការចរចាជាមួយលោក ដេវី កាម៉ារ៉ូន នៅពេលកន្លងទៅនោះទេ។
នៅថ្ងៃទី២៣ខែមិថុនានេះអង់គ្លេសបានបោះឆ្នោតធ្វើប្រជាមតិថា តើពលរដ្ឋចង់ឲ្យប្រទេសរបស់ខ្លួនបន្តនៅក្នុងប្លុកអឺរ៉ុបក្នុងចំណោម២៨ប្រទេសទៀតឬចាកចេញ?
លទ្ធផលនៃការបោះឆ្នោតស្ទង់មតិនេះនិងត្រូវប្រកាសនៅក្រោយការបោះឆ្នោតប្រមាណ២៤ម៉ោង។ មេដឹកនាំអាមេរិក មេដឹកនាំប្រទេសនានាជាសមាជិកសហភាពអឺរ៉ុប រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវី កាម៉ារ៉ូន ផងបានអំពាវនាវឲ្យប្រជាពលរដ្ឋអង់គ្លេសបោះឆ្នោតបន្តស្ថិតនៅក្នុងប្លុកអឺរ៉ុបបន្តទៀត៕