ប្រធានាធិបតីឥណ្ឌូនេស៊ីបានទស្សនាកោះណាទូណា ហើយបានជិះនាវាចម្បាំងពិនិត្យនៅក្បែរៗនោះ ដើម្បីបង្ហាញពីភាពក្លាហានក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនប្រឈមមុខជាមួយចិន។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានទស្សនាជាច្រើនកន្លែងនៅណទូណា រួមដំណើរជាមួយរដ្ឋ មន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសរបស់លោក។ មន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា លោក Widodo បានបង្ហាញសារធ្ងន់ៗទៅទីក្រុងប៉េកាំង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្នុងសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបានបញ្ជាក់ថា លោក Widodo បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅលើនាវាចម្បាំងនោះ។
រដ្ឋមន្ត្រីប្រធានសន្តិសុខជាតិលោក Luhut Pandjaitan ប្រាប់សារព័ត៌មានចាការតាប៉ុស្តិ៍ ថា នេះជាជម្លោះរវាងឥណ្ឌូនេស៊ីនិងចិន ដែលក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន។ លោកបញ្ជាក់ថានេះគ្រាន់តែជាការសិក្សារបស់ប្រធានាធិបតីមិនមែនជាការបង្ករឿងឲ្យផ្ទុះឡើងទេ។
កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំង បានប្រកាសថាចិនមិនបានបង្កជម្លោះលើដែនអធិបតេយ្យភាពឥណ្ឌូនេស៊ីលើកោះណាទូណាទេ ដោយគ្រាន់តែបញ្ជាក់ថាផ្ទៃទឹកខ្លះជារបស់សមុទ្រចិនខាងត្បូងនិងផលប្រយោជន៍មួយចំនួនជារបស់ចិន៕