ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថាខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារនៅខេត្តជាំងស៊ូ ភាគខាងកើតនៃប្រទេសចិន ហើយបានបណ្តាលឲ្យមនុស្សចំនួន៩៨នាក់ស្លាប់និង៨០០នាក់ផ្សេងទៀតរងរបួស។
ភ្លៀងលាយឡំជាមួយព្យុះបានបោកបក់នៅជាយក្រុងយ៉ានចេង ក្នុងខេត្តជាំងស៊ូ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មន្ត្រីចិនបាននិយាយថាខ្យល់បោកបក់ក្នុងល្បឿន១២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ទូរទស្សន៍រដ្ឋចិន CCTV ចុះផ្សាយថាភ្លឿងធ្លាក់ខ្លាំងលាយឡំជាមួយនិងព្យុះបោកបក់ធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការបំពេញការងាររបស់ពួកគេ។
នៅថ្ងៃសុក្រនេះក្រុមអ្នកជួយសង្គ្រោះបានជួយទាញអ្នករងរបួសចេញពីកំទេចអគារ ចេញពីភក់ និងទឹកជាបន្តបន្ទាប់។
ក្នុងវីឌីអូផ្សាយតាមទូរទស្សន៍រដ្ឋចិនបង្ហាញថាខ្យល់នោះបានកំទេចរថយន្ត ដើមឈើ ផ្ទះពលរដ្ឋ និងផ្លូវថ្នល់ជាដើម។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឲ្យកម្លាំងជួយសង្គ្រោះប្រញាប់ជួយជាបន្ទាន់ដល់អ្នកដែលរងការប៉ះពាល់ដោយសារខ្យល់ព្យុះ៕