នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីត កាម៉ារ៉ូន បានប្រកាសលាលែងពីតំណែង បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតស្ទង់មតិបង្ហាញថា ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនបាន សម្រេច ចិត្តចាកចេញពីសហភាពអឺរ៉ុប(EU)។
លោកនាយករដ្ឋមន្ត្រី កាម៉ារ៉ូន ធ្លាប់អំពាវនាវសូមឲ្យពលរដ្ឋអង់គ្លេសបោះឆ្នោតគាំទ្រឲ្យរក្សាប្រទេសនៅក្នុងសហភាពអឺរ៉ុប តែការអំពាវនាវរបស់លោកត្រូវបានប្រជាពលរដ្ឋច្រានចោល ហើយមតិភាគច្រើនបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។
លទ្ធផលនៃការបោះឆ្នោតស្ទង់មតិបង្ហាញថាពលរដ្ឋអង់គ្លេស៥២%ចង់ចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាម The Guardian។
លោក កាម៉ារ៉ូន ថ្លែងនៅវិមានរដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ខណៈប្រពន្ធលោកនៅក្បែរនោះក្រោយពេលប្រកាសលទ្ធផលស្ទង់មតិ ដោយសំឡេងរំជួលចិត្តថាឆន្ទៈរបស់ប្រជាជនអង់គ្លេសបានបង្ហាញមកដល់ហើយ។
លោក កាម៉ារ៉ូន សន្យាថា លោកនឹងនៅក្នុងតំណែងរហូតដល់ចុងឆ្នាំនេះដើម្បីរក្សាស្ថិរភាព។ ប៉ុន្តែលោកថា លោកមិនសមជាអ្នកដឹកនាំប្រទេសនេះតទៅទៀតដែលអាចនាំប្រទេសទៅកន្លែងដែលពលរដ្ឋចង់បាននោះទេ៕