មនុស្ស​២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​​​បំផ្ទុះ​​គ្រាប់​បែក​នៅ​​ថៃ​ភាគ​ខាង​ត្បូង

(រូបភាពពី បាងកកប៉ុស្តិ៍​)

ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយបានបណ្ដាលឲ្យមនុស្ស២នាក់រងរបួសស្រាលនៅខេត្តណារ៉ាធីវ៉ាត់ នៅភាគខាងត្បូងប្រទេសថៃ ដោយខាងតម្រួតថៃអះអាងថាការបំផ្ទុះគ្រាប់បែកនេះមានជាប់ទាក់ទងនឹងជនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅឯផ្សារទំនើបមួយនៅកោះសាមុយកាលពីឆ្នាំមុន។

កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថាការបំផ្ទុះកាលពីព្រឹកម្សិលមិញនោះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនានាក្នុងនោះមានទាំងមូលដ្ឋានយោធានៅស្រុកសុងខៃកូឡុក។

នគរបាលថៃអះអាងថា រថយន្តពណ៌ខ្មៅមួយគ្រឿងដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារឆ្នាំមុននោះត្រូវបានជនសង្ស័យជាពួកបះបោរដ៏សំខាន់ម្នាក់យកទៅលាបពណ៌ឡើងវិញ មុននឹងយកមកដាក់គ្រាប់បែកបំផ្ទុះដែលបណ្ដាលឲ្យមនុស្ស២នាក់រងរបួស។

នគរបាលថៃបានភ្ជាប់ការវាយប្រហារនេះទៅនឹងជនសង្ស័យឈ្មោះ Hasueming Puta ដែលជាជនបះបោរដ៏សំខាន់ម្នាក់កំពុងរត់គេចពីការតាមចាប់ខ្លួន។

អាជ្ញាធរថៃអះអាងថាជនសង្ស័យរូបនេះបានរៀបចំការបំផ្ទុះគ្រាប់បែកមួយកាលពីឆ្នាំមុននៅកោះសាមុយ ដែលបានបណ្ដាលឲ្យមនុស្ស៧នាក់រងរបួសក្នុងនោះមានទាំងកុមារីវ័យ១២ឆ្នាំជាជនជាតិអ៊ីតាលីម្នាក់ផងដែរ។

ខេត្តណារ៉ាធីវ៉ាត់ សុរ៉ាតថានី និងផាត់ថានី ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃនិងសម្បូរទៅដោយជនមូស្លីមនោះ បានធ្លាក់ក្រោមការវាយប្រហារដ៏ហិង្សាអស់រយៈជាច្រើនឆ្នាំមុនហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ