នគរបាលភូមាកាលពីថ្ងៃម្សិលមិញបានដុតបំផ្លាញគ្រឿងញៀនមានតម្លៃជិត៦០លានដុល្លារ ខណៈដែលអាជ្ញាធរប្រទេសនេះព្យាយាមដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើការដាំដុះអាភៀននិងលុបបំបាត់ទីតាំងផលិតថ្នាំញៀននៅតាមតំបន់ព្រំដែន។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថាប្រទេសក្រីក្រមួយនេះនៅតែជាអ្នកដាំអាភៀនធំលំដាប់ទី២នៅលើពិភពលោក។ សារធាតុហេរ៉ូអ៊ីនឬសារធាតុញៀនត្រូវបានគេចម្រាញ់ពីអាភៀន។
របបគ្រប់គ្រងយោធាដ៏ពុករលួយនិងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ជាមួយក្រុមបះបោរជនជាតិភាគតិចគឺជាដើមហេតុនៃការបញ្ឆេះឲ្យមានជំនួញគ្រឿងញៀន។
ដើម្បីអបអរទិវាប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ ថ្នាំញៀន និងសារធាតុគីមីដែលរឹបអូសបានត្រូវបានគេដុតបំផ្លាញនៅទីតាំងបីកន្លែងនៅក្នុងប្រទេសភូមា។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាអាភៀនជាងកន្លះតោននិងសារធាតុហេរ៉ូអ៊ីន៨០គីឡូក្រាមត្រូវបានគេដុតបំផ្លាញចោលរួមគ្នាជាមួយថ្នាំមេតំហ្វេតាមីននិងគ្រាប់ថ្នាំញៀន១០លានគ្រាប់ទៀត។ គ្រឿងញៀនដែលដុតបំផ្លាញចោលនោះមានតម្លៃខ្ទង់៥៧លានដុល្លារ។
រដ្ឋាភិបាលថ្មីរបស់ភូមាដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បានឡើងដឹកនាំប្រទេសនេះក្រោយទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការបោះឆ្នោតកាលពីចុងឆ្នាំមុន។ លោកស្រី ស៊ូជី បានសន្យាប្រឹងប្រែងបញ្ចប់ការបះបោរនានារបស់ក្រុមជនជាតិភាគតិច៕