ទីផ្សារភាគហ៊ុននៅជុំវិញពិភពលោកបន្តដាំក្បាលចុះនៅថ្ងៃនេះ ដោយតម្លៃទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ដោយសារការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស បន្តដុតកម្ដៅទីផ្សារហិរញ្ញវត្ថុ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សន្ទស្សន៍ទីផ្សារភាគហ៊ុននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីជប៉ុន បានបាត់បង់អស់០.៣ភាគរយ បន្ទាប់ពីតម្លៃទីផ្សារភាគហ៊ុន Wall Street របស់អាមេរិកបានធ្លាក់ចុះទាបបំផុតជាប់គ្នា២ថ្ងៃដែលមិនធ្លាប់មាននៅក្នុងរយៈពេល១០ខែនេះ។
សន្ទស្សន៍ទីផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះ១.៣ភាគរយ នៅពេលបើកជួញដូរនៅព្រឹកថ្ងៃនេះ។ តម្លៃទីផ្សារភាគហ៊ុនជប៉ុនមួយនេះនៅបន្តប្រែប្រួលឡើងចុះនៅប៉ុន្មានថ្ងៃមកនេះ ដោយបានកើនឡើង២.៤ភាគរយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីបាត់បង់អស់៧.៩ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ចំណែកតម្លៃប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះពី១.៥០ដុល្លារក្នុង១ផោនមកនៅត្រឹម១.៣២ដុល្លារក្នុង១ផោន កាលពីសប្ដាហ៍មុន ក្រោយការបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស។ តម្លៃប្រាក់ផោន ធ្លាក់ចុះតិចតួចបន្ថែមទៀតនៅថ្ងៃចន្ទម្សិលមិញឬមានតម្លៃ១.៣១ដុល្លារក្នុង១ផោន។
ការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសកាលពីសប្ដាហ៍មុនបានបន្តដុតកម្ដៅទីផ្សារហិរញ្ញវត្ថុពិភពលោក ចំពេលមានភាពមិនប្រាកដប្រជាអំពីអនាគតរបស់អង់គ្លេសនិងសហភាពអឺរ៉ុប ដោយបង្កើនឲ្យមានក្ដីបារម្ភអំពីកំណើនសេដ្ឋកិច្ចសកល អំឡុងពេលដែលប្រទេសជាច្រើននៅតែកំពុងប្រឈមមុខនឹងបញ្ហានៅឡើយនោះ៕