យន្តហោះពាណិជ្ជកម្មមួយគ្រឿងដែលផលិតនៅក្នុងប្រទេសចិនបានធ្វើការហោះហើរដឹកជញ្ជូនលើកដំបូងរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីការពន្យាពេលអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ បានចោទសួរអំពីផែនការរបស់ប្រទេសមួយនេះក្នុងការផលិតយន្តហោះនៅក្នុងស្រុក។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីមន្ត្រីក្រុមហ៊ុន Chengdu Airline ដែលបាននិយាយថាយន្តហោះ ARJ21 របស់ក្រុមហ៊ុននេះបានចេញដំណើរពីមូលដ្ឋានរបស់ខ្លួននៅខេត្តស៊ីឈួន ភាគពាយ័ព្យប្រទេសចិន ហោះហើរទៅកាន់ទីក្រុងពាណិជ្ជកម្មស៊ាងហៃ ដោយផ្ទុកអ្នកដំណើរ៧០នាក់។
អ្នកនាំពាក្យក្រុមហ៊ុននេះបញ្ជាក់ថា អ្នកដំណើរជាងពាក់កណ្ដាលគឺជាអតិថិជនដែលបានទិញសំបុត្រយន្តហោះ និងបានដឹងថា ពួកគេនឹងត្រូវធ្វើដំណើរតាមយន្តហោះថ្មីនោះ។ យន្តហោះនេះនឹងហោះហើរទៅមករវាងទីក្រុងឆឹងទូនិងទីក្រុងស៊ាងហៃ៣លើកក្នុងមួយសប្ដាហ៍។
យន្តហោះនេះគឺជាសមិទ្ធផលនៃកម្មវិធីផលិតយន្តហោះពាណិជ្ជកម្មរបស់ចិនអស់រយៈពេល១៤ឆ្នាំមកហើយនេះ ដែលអាចនឹងប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកនិងក្រុមហ៊ុន Airbus របស់អឺរ៉ុប។
ប៉ុន្តែយន្តហោះនេះនៅមិនទាន់ទទួលបានលិខិតបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកនៅឡើយទេ។ លិខិតនោះនឹងអនុញ្ញាតឲ្យយន្តហោះនេះហោះហើរនៅលើដែនអាកាសរបស់អាមេរិក។ ចំណែកឯក្រុមហ៊ុនផលិតយន្តហោះអន្តរជាតិ យល់ឃើញថាយន្តហោះថ្មីនេះមិនទាន់ជាការគំរាមកំហែងដល់ការប្រកួតប្រជែងនៅឡើយទេ។
យន្តហោះនេះអាចផ្ទុកអ្នកដំណើរពី៧៨ទៅ៩០នាក់និងអាចហោះហើរបានចម្ងាយពីជាង២ពាន់គីឡូម៉ែត្រទៅ ៣៧០០គីឡូម៉ែត្រ៕