ជនពិការស្នើឲ្យផ្តល់កន្លែងសមរម្យ បន្ទាប់ពីអាជ្ញាធរព្រមានមិនឲ្យច្រៀងតាមផ្លូវ

ជនពិការច្រៀងរៃអង្គាសប្រាក់តាមដងផ្លូវ

ជនពិការដែលតែងតែច្រៀងរៃអង្គាសប្រាក់តាមដងផ្លូវស្នើឲ្យផ្តល់កន្លែងច្រៀងសមរម្យដល់ពួកគេ បន្ទាប់ពីអាជ្ញាធរព្រមានមិនឲ្យជនពិការច្រៀងនៅតាមដងផ្លូវនិងស្តុបមួយចំនួនក្នុងទីក្រុងភ្នំពេញ។

កាលពីចុងឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរខណ្ឌទំាងអស់អន្តរាគមន៍មិនឲ្យជនពិការយកទីតំាងសាធារណៈច្រៀងប្រកបរបរចិញ្ចឹមជីវិតទេ ដោយអះអាងថាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ជាថ្មីទៀតសារព័ត៌មានក្នុងស្រុកមួយដែលគាំទ្ររដ្ឋាភិបាលចុះផ្សាយថា “ចាប់ពីថ្ងៃទី៣០ខែមិថុនានេះ កម្លាំងសមត្ថកិច្ចនឹងធ្វើការរឹបអូសយកឧបករណ៍ប្រគុំតន្ដ្រីទាំងអស់របស់ជនពិការដែលនូវតែរឹងទទឹងមិនព្រមបញ្ឈប់សកម្មភាពនេះ”។

ជនពិការម្នាក់ដែលបម្រុងនឹងច្រៀងនៅក្បែរស្តុបបូកគោ លោក ឈីង សេបេ បានរៀបចំឧបករណ៍តន្រ្តីទុកវិញ ដោយបង្ហាញការព្រួយបារម្ភបន្ទាប់ពីទទួលដំណឹងថាអាជ្ញាធរចុះចាប់យកឧបករណ៍ជាថ្មីទៀត។ ប៉ុន្តែលោកជំរុញឲ្យអាជ្ញាធរជួយស្វែងរកកន្លែងសមរម្យសម្រាប់ពួកគេបានច្រៀងរកប្រាក់ចិញ្ចឹមជីវិត។

លោកបានត្អូញត្អែរថា៖ បើគេអត់អោយច្រៀង មានតែដាច់បាយហ្នឹងហើយ អត់មានអីផងគឺអត់មានអីហូប បើខ្ញុំអត់បានច្រៀងអីផង ហើយគេមិនរកដំណោះស្រាយមួយដែលល្អអោយយើងផង

ជនពិការម្នាក់ទៀតដែលអះអាងថាធ្លាប់ច្រៀងនៅតាមស្តុបពេទ្យចិន លោក អ៊ឹម វិចិត្រ ប្រាប់វីអូឌីឲ្យដឹងថា លោកបានបាត់បង់អាជីពច្រៀងជាច្រើនខែមកហើយ ព្រោះតែអាជ្ញាធរគំរាមរឹបអូសយកឧបករណ៍ដោយមិនមានដំណោះស្រាយ។

នាយករដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេធថាអាជ្ញាធរមិនបានចុះចាប់ជនពិការនៅតាមភ្លើងស្តុបនោះទេ ដោយថាអាជ្ញាធរគ្រាន់តែមិនអនុញ្ញាតឲ្យពួកគេច្រៀងនៅតាមដងផ្លូវ ដោយលើកហេតុផលថាធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម។ លោកបន្ថែមថាវិធានការដែលសាលារាជធានីអាចជួយដល់ជនពិការទាំងនោះមានតែការទាក់ទងផ្ទាល់ជាមួយគណៈកម្មការជាតិដើម្បីជនពិការក្នុងការបង្ហាញពីកង្វះខាត់របស់ពួកគាត់។

លោកបន្ថែមថា៖ “គេអោយគាត់ធ្វើការជាមួយគណៈកម្មការជាតិដើម្បីជនពិការហ្នឹង ចឹងលទ្ធភាពជារួមថាតើអង្កការគាត់មានបញ្ហាអីតម្រូវការអី ដើម្បីថាគណៈកម្មការជាតិអាចជួយអីបាន ហើយសាលារាជធានីអាចមានលទ្ធភាពអី យើងធ្វើការងារក្រោមរូបភាពអីចឹងវិញ”។

ប្រធានអង្កការសកម្មភាពលើជនពិការដើម្បីអភិវឌ្ឍន៍ កញ្ញា នូ វ៉ានី បានលើកឡើងថាកន្លងមកអង្គការរបស់កញ្ញាបានចូលរួមប្រជុំជាមួយក្រសួងសង្គមកិច្ច ដើម្បីរកដំណោះស្រាយមួយសមរម្យសម្រាប់ជនពិការ។ ប៉ុន្តែកញ្ញាបន្ថែមថាការសន្យារកដំណោះស្រាយរបស់ក្រសួងសង្គមកិច្ចក្នុងការជួយដល់ជនពិការគឺមិនទាន់មានលទ្ធផលអ្វីនោះទេ។

តាមរបាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថាបច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ៕ ដោយលោក លី បេឡា និងកញ្ញា សន ឆវីវត្តី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ