លោក Rodrigo Duterte ដែលជាអ្នកនយោបាយប្រកាន់តឹងនោះ ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីននៅថ្ងៃនេះ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដ៏ភ្លូកទឹកភ្លូកដីកាលពីខែឧសភាកន្លងមក។
ប្រធានាធិបតីថ្មីរូបនេះគឺជាអ្នកនយោបាយប្រកាន់តឹងជាពិសេសលោកបានសន្យាធ្វើសង្គ្រាមប្រឆាំងនឹងឧក្រិដ្ឋកម្មដោយគ្មានមេត្តានៅក្នុងឋានៈលោកជាប្រមុខរដ្ឋកាន់អំណាចរយៈពេល៦ឆ្នាំទៅមុខ។
នៅក្នុងកម្មវិធីប្រឆាំងឧក្រិដ្ឋកម្មរបស់លោក លោក Duterte គ្រោងដាក់ឲ្យប្រើប្រាស់ឡើងវិញទោសប្រហារជីវិត ចេញបញ្ជាឲ្យសន្តិសុខបាញ់សម្លាប់ឧក្រិដ្ឋជនជួញដូរគ្រឿងនិងផ្ដល់រង្វាន់ដល់ប្រជាជនដែលចូលរួមសម្លាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។
ទោះជាយ៉ាងណា គោលនយោបាយសន្តិសុខរបស់ប្រធានាធិបតីថ្មីរូបនេះបានទទួលរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ក្រុមសិទ្ធិមនុស្ស៕