ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងថាការបោះឆ្នោតសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសបានបង្កឲ្យមានក្ដីបារម្ភរយៈពេលវែងចំពោះកំណើនសេដ្ឋកិច្ចសកល។
សារព័ត៌មាន BBC បានដកស្រង់សម្ដីលោក អូបាម៉ា ដែលបានថ្លែងថាការចាកចេញរបស់អង់គ្លេសនឹងធ្វើឲ្យលទ្ធភាពនៃការវិនិយោគនៅអង់គ្លេសឬនៅអឺរ៉ុបទាំងមូលត្រូវជាប់គាំង។
លោក អូបាម៉ា ក៏បានអំពាវនាវទៅនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ ខេមេរូន និងមេដឹកនាំអឺរ៉ុបដទៃទៀតឲ្យធានានូវដំណើរការដ៏រលូនមួយសម្រាប់ការចាកចេញរបស់អង់គ្លេស។
មេដឹកនាំប្លុកអឺរ៉ុបកាលពីប៉ុន្មានថ្ងៃមកនេះបានព្រមានថាអង់គ្លេសត្រូវតែគោរពគោលការណ៍ការធ្វើដំណើរដោយសេរីរបស់ប្រជាជន ប្រសិនបើប្រទេសនេះចង់រក្សាឱកាសចូលក្នុងទីផ្សាររួមមួយនេះ។
មេដឹកនាំនៃសហគមន៍មានសមាជិក២៧ប្រទេសមួយនេះបានជួបប្រជុំគ្នានៅទីក្រុងប៊្រុចសែលដោយមិនមានវត្តមានមេដឹកនាំអង់គ្លេសជាលើកដំបូងនៅក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។
លោក អូបាម៉ា បានលើកឡើងអំពីការចាកចេញរបស់អង់គ្លេសពីប្លុកអឺរ៉ុបនៅឯជំនួបកំពូលមេដឹកនាំកាណាដា និងម៉ិកស៊ិកនៅទីក្រុងអូតាវ៉ា។
លោកបន្តថាការប្រុងប្រៀងខ្លួនរបស់បណ្ដាធនាគារកណ្ដាលនិងក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ បង្ហាញថាសេដ្ឋកិច្ចសកលនៅក្នុងរយៈពេលខ្លីនេះនឹងនៅតែរក្សាបានភាពរឹងមាំ។
ប៉ុន្តែលោកបន្ថែមថា នឹងមានក្ដីបារម្ភរយៈពេលវែងអំពីកំណើនសេដ្ឋកិច្ចនៅចំពោះមុខបញ្ហាកំពុងកើតឡើងនៅអឺរ៉ុប៕
អង់គ្លេសបានបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕