លោក រ៉ូទ្រីហ្កូ ដូថឺត អាយុ៧១ឆ្នាំបានស្បថចូលកាន់តំណែងប្រធានាធិបតីប្រទេសហ្វីលីពីនហើយនៅថ្ងៃនេះ បន្ទាប់ពីលោកទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងមក។
អតីតអភិបាលក្រុង Davao ដ៏ចម្រូងចម្រាស់រូបនេះបានឈ្នះការបោះឆ្នោតនយោបាយជាមួយការសន្យា «ធ្វើសង្គ្រាម» ប្រឆាំងនឹងឧក្រិដ្ឋកម្មនិងចាត់ការទៅលើអំពើពុករលួយ។
សារព័ត៌មាន BBC បានដកស្រង់សម្ដីរបស់លោក ដូថឺត ដែលបានថ្លែងនៅពិធីស្បថចូលកាន់តំណែងថា លោកសន្យាធ្វើការផ្លាស់ប្ដូរប្រព័ន្ធនយោបាយរបស់ប្រទេសនេះ។
លោកថ្លែងបន្តថា លោកបានមើលឃើញការធ្លាក់ចុះនៃទំនុកចិត្តរបស់ប្រជាជនទៅលើមេដឹកនាំប្រទេស ប្រព័ន្ធតុលាការ និងសមត្ថភាពមន្ត្រីសាធារណៈ ក្នុងការធ្វើឲ្យជីវិតរបស់ពួកគេកាន់តែល្អប្រសើរ កាន់តែមានសុវត្ថិភាព និងកាន់តែមានសុខុមាលភាព។
លោក ដូថឺត ដែលកម្រចាកចេញពីទីក្រុង Davao នៅភាគខាងត្បូងហ្វីលីពីននោះបានស្បថចូលកាន់តំណែងនៅក្នុងពិធីតូចមួយធ្វើឡើងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល។ មានតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ុណ្ណោះត្រូវបានគេអនុញ្ញាតឲ្យចូលយកព័ត៌មាននៃព្រឹត្តិការណ៍នេះ ប៉ុន្តែវាក៏ត្រូវបានគេផ្សាយបន្តផ្ទាល់តាមអនឡាញផងដែរ។
យោងតាមរដ្ឋធម្មនុញ្ញ លោក ដូថឺត និងអនុប្រធានាធិបតីលោកស្រី Leni Robredo នឹងកាន់តំណែងនេះមួយអាណត្តិរយៈពេល៦ឆ្នាំ។
លោកស្រី Robredo បានស្បថចូលកាន់តំណែងក្នុងពិធីដាច់ដោយឡែកមួយនៅឯទីក្រុងហ្កេចុង។
លោក ដូថឺត មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឋានៈជាអ្នកនៅខាងក្រៅរង្វង់នយោបាយ។
អំឡុងពេលកាន់តំណែងជាអភិបាលក្រុង Davao រយៈពេល២២ឆ្នាំ លោកបានសាងកេរ្តិ៍ឈ្មោះដោយសារលោកជាមនុស្សនិយាយចំៗនិងបានគាំទ្រការសម្លាប់ជនសង្ស័យជាឧក្រិដ្ឋជននៅក្រៅប្រព័ន្ធតុលាការ។
អត្រាឧក្រិដ្ឋកម្មធ្លាក់ចុះយ៉ាងច្រើន ប៉ុន្តែក្រុមសិទ្ធិមនុស្សបានវាយតម្លៃថាមនុស្សជាង១ពាន់នាក់ត្រូវបានគេសម្លាប់ក្រៅនីតិវិធីច្បាប់៕