កងទ័ពជើងទឹកតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំងតៃវ៉ាន់មួយគ្រឿងបានបាញ់ដោយខុសឆ្គងនូវគ្រាប់មីស៊ីលពិឃាតនាវាដឹកយន្តហោះមួយទៅរកខាងប្រទេសចិននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហារទៅលើទូកនេសាទមួយគ្រឿងនិងបានសម្លាប់មនុស្សម្នាក់ ខណៈដែលទំនាក់ទំនងរវាងដែនកោះមួយនេះជាមួយប្រទេសចិនកំពុងតែឡើងកម្ដៅនោះ។
គ្រាប់មីស៊ីលផលិតនៅកោះតៃវ៉ាន់ឈ្មោះ ស៊ឹងហ្វេង បានហោះបានចម្ងាយប្រហែល៧៥គីឡូម៉ែត្រមុននឹងវាបុកទូកនេសាទមួយគ្រឿងនៅដែនទឹកប៉េងហួ ដែលជាប្រជុំកោះតូចៗគ្រប់គ្រងដោយតៃវ៉ាន នៅច្រកសមុទ្រតៃវ៉ាន់។
អ្នកបញ្ជាកនាវាទម្ងន់៦០តោនដែលមានមូលដ្ឋាននៅភាគខាងត្បូងទីក្រុងកៅស៊ឹងនោះបានស្លាប់ហើយនាវិក៣នាក់ទៀតក្នុងនោះមានជនជាតិវៀតណាមម្នាក់និងហ្វីលីពីនម្នាក់បានរងរបួស។
អ្នកនាំពាក្យក្រសួងការពារដែនកោះតៃវ៉ាន់ លោក ជិន ជុងជី បានប្រាប់អ្នកយកព័ត៌មានថាការស៊ើបអង្កេតបឋម បង្ហាញថាឧបទ្ទេវហេតុនេះបានបណ្ដាលឲ្យអ្នកបើកបរទូកស្លាប់ ហើយក្រសួងសុំទោសចំពោះគ្រួសារនាវិកនោះ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។
គ្រាប់មីស៊ីលនោះត្រូវបានគេបាញ់នៅអំឡុងសមយុទ្ធមួយនៅវេលាម៉ោង៨ព្រឹកចេញពីនាវាបំពាក់គ្រាប់មីស៊ីលមួយគ្រឿងនៅមូលដ្ឋានកងទ័ពជើងទឹកនៅភាគខាងត្បូងទីក្រុងសូយីង ហើយហោះក្នុងទិសដៅទៅខាងចិន។
កងទ័ពជើងទឹកបានបញ្ជាក់ថាគ្រាប់មីស៊ីលនោះបានបុកនឹងទូកនេសាទនោះ ប៉ុន្តែមិនបានផ្ទុះទេហើយក៏មិនបានពន្លិចទូកនេសាទនោះដែរ។
កងទ័ពជើងទឹកអះអាងថាករណីនេះបណ្ដាលមកពីកំហុសរបស់មនុស្សនៅពេលគ្រាប់មីស៊ីលដែលអាចរត់បានចម្ងាយ៣០០គីឡូម៉ែត្រនោះបាញ់ចេញ៕