តម្លៃទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃសុក្រនេះបានកើនឡើងដោយសារដែលទីផ្សារភាគហ៊ុនសកលបន្តងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះកាលពីសប្ដាហ៍មុនក្រោយការបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ខណៈតម្លៃប្រាក់ផោនអង់គ្លេសបន្តដាំក្បាលចុះថែមទៀតក្រោយពីទេសាភិបាលធនាគារអង់គ្លេសបង្ហាញតម្រុយថានឹងកាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាសន្ទស្សន៍ភាគហ៊ុន MSCI ទៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីជប៉ុនបានកើនឡើង០.២ភាគរយ បើធៀបទៅនឹងសន្ទស្សន៍ភាគហ៊ុនដែលដាំក្បាលចុះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាលទ្ធផលនៃការសម្រេចចិត្តចាកចេញពីប្លុកអឺរ៉ុបរបស់អង់គ្លេស។
តម្លៃទីផ្សារភាគហ៊ុន Nikkie របស់ជប៉ុនបានកើនឡើង០.៨ភាគរយ បន្ទាប់ពីតម្លៃប្រាក់យ៉េនជប៉ុនរឹងមាំឡើងវិញនៅដើមសប្ដាហ៍នេះ។ ចំណែកឯតម្លៃទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi បានកើនឡើង០.៣ភាគរយ។
តម្លៃទីផ្សារភាគហ៊ុន Dow បានកើនឡើង១.៣ភាគរយកាលពីថ្ងៃម្សិលមិញ ដោយបង្ហាញនូវកំណើន៣ថ្ងៃជាប់គ្នា បន្ទាប់ពីខាតបង់ក្រោយហេតុការណ៍ចាកចេញរបស់អង់គ្លេស។
ចំណែកឯទីផ្សារភាគហ៊ុន Wall Street ក៏បានកើនឡើងផងដែរ បន្ទាប់ពីទេសាភិបាលធនាគារអង់គ្លេស លោក Mark Carney បានថ្លែងថាធនាគារកណ្ដាលប្រហែលជាត្រូវការចាក់លុយចូលក្នុងសេដ្ឋកិច្ចអង់គ្លេស។
ប្រាក់ផោនត្រូវបានជួញដូរក្នុងតម្លៃ១.៣៣ដុល្លារក្នុងមួយផោន បន្ទាប់ពីវាបានងើបឡើងវិញបន្តិចកាលពីថ្ងៃម្សិលមិញ។ តម្លៃប្រាក់ផោនដែលបានបាត់បង់អស់៨ភាគរយក្រោយអង់គ្លេសសម្រេចចាកចេញពីអឺរ៉ុបនោះ បានដាំក្បាលចុះដល់១.៣១ដុល្លារក្នុងមួយផោន ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពីឆ្នាំ១៩៨៥មក៕