រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី Retno Marsudi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ហ្វីលីពីន លោក Perfecto Rivas Yasay នៅទីក្រុងម៉ានីលនៅថ្ងៃនេះពោលគឺមួយថ្ងៃក្រោយពីលោក Yasay បានកាន់តំណែងជាផ្លូវការ។
សារព័ត៌មាន Channel News Asia បានដកស្រង់សម្ដីអ្នកស្រី Retno ដែលបានថ្លែងថា ជំនួបជាមួយលោក Yasay មានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំង ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ។
កាលពីថ្ងៃទី២០ ខែមិថុនាកន្លងមកនេះ នាវិក១៣នាក់នៅលើនាវាដោតទង់ជាតិឥណ្ឌូនេស៊ីបានរងការវាយប្រហារពីក្រុមប្រដាប់អាវុធដល់ទៅ២លើក។
នៅក្នុងការវាយប្រហារលើកទី១ នាវិកឥណ្ឌូនេស៊ី៣នាក់ត្រូវបានក្រុមប្រដាប់អាវុធមានគ្នា៦នាក់ចាប់ជាចំណាប់ខ្មាំង។ ប្រហែលជាង១ម៉ោងក្រោយមកនាវាមួយគ្រឿងទៀតត្រូវបានគេចាប់ជាមួយនាវិកបន្ថែមទៀត។ នាវិក៦នាក់ដែលមិនត្រូវបានគេចាប់ជំរិតនោះត្រូវបានគេដោះលែងវិញដោយគ្មានគ្រោះថ្នាក់នោះឡើយ ហើយបានធ្វើដំណើរទៅដល់ឥណ្ឌូនេស៊ីវិញ។
ច្រកសមុទ្រស៊ូលូគឺជាទីតាំងយុទ្ធសាស្ត្រដែលនាវាដឹកធ្យូងថ្មឆ្លងកាត់ទៅមករវាងប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីន។ ជំនួញធ្យូងថ្មរវាងប្រទេសទាំងពីរនេះមានតម្លៃ៤.៦ពាន់ដុល្លារនៅក្នុងឆ្នាំ២០១៥កន្លងមក៕