ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១២ខែកក្កដាពិសេសភ្ញៀវទេសចរនិងអ្នកនេសាទសមុទ្រ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី៤ខែកក្កដាបានឲ្យដឹងថាចាប់ពីថ្ងៃទី៥ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៦ កម្ពុជានឹងទទួលរងសម្ពាធទាបពីព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើនលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះ។
ក្រសួងបញ្ជាក់ថាតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ តំបន់វាលទំនាបអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី៥-៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី៧ដល់១២ ខែកក្កដា ឆ្នាំ២០១៦។ តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី៥-៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើនចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕