បក្ស​ប្រឆំាង​ថាសម្តេចហ៊ុន សែន បរាជ័យជាថ្មីក្នុងការបំបែកមេដឹកនាំបក្ស​ប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

មេដឹកនាំគណបក្សប្រឆាំង លើកឡើងជាថ្មីទៀតថា បក្សកាន់អំណាចបរាជ័យក្នុងការប៉ុនប៉ងបំបែបកបំបាក់មេដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

នេះជាការថ្លែងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្នុងវីដេអូខ្លីបដែលបង្ហោះក្នុងហ្វេសប៊ុកលោក នៅពេលជួបអ្នកគំាទ្រនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦។

លោក សម រង្ស៊ី ថាមេដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុន សែន ព្យាយាមម្តងហើយម្តងទៀតក្នុងការបំបែកបំបាក់រូបលោកជាមួយលោក កឹម សុខា រួមទំាងប្រើយុទ្ធសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋ និងបំភ័ន្តសហគមន៍អន្តរជាតិ ឲ្យយល់ច្រឡំ ពី វិបត្តិនយោបាយបច្ចុប្បន្ននៅកម្ពុជា។ លោកហៅយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ថា បរាជ័យក្នុងការបំបែកបំបាក់មេដឹកនាំបក្សប្រឆំាង៖ ”យុទ្ធសាស្ត្ររបស់ពួកគេតំាងពីយូរយាណាស់មកហើយ ពីមុនគណបក្សសង្គ្រោះជាតិគឺគេតែងតែបំបែកឲ្យឈ្លោះគ្នា គេញុះញង់ គេអូសទាញ គេគំរាមកំហែង គេសម្លុតគ្រប់សព្វ គេចង់បំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយយើងរឹងមំាឈានទៅមុខកាន់តែខ្លំាងមកពី សម រង្ស៊ី កឹម សុខា នៅជាមួយគ្នាជានិច្ច”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា សម្តេចហ៊ុន សែន និងគណបក្សប្រជាជន ជាអ្នកបំបែកបំបាក់មេដឹកនាំបក្សប្រឆំាង។ ផ្ទុយទៅវិញលោក សុខ ឥសាន បានចោទលោក សម រង្ស៊ី ថា កំពុងបំបែកបក្សខ្លួនឯង។ លោកបន្តថា៖ ”គាត់ថាគណបក្សប្រជាជនមានគំនិតអាក្រក់ចង់បំបែកបំបាក់គាត់ពីឯកឧត្តម កឹម សុខា គឺគាត់ខ្លួនឯងមានគំនិតបំបែកបំបាក់ ខ្ញុំយល់ថាចំណងមិត្តភាពសាមគ្គីភាពរវាងភាគីទំាងពីរមិនស្ថិតថេរយូរអង្វែងទេ ឥឡូវវាទើបបានប៉ុន្មានឆ្នាំ ១ឆ្នាំ ២ឆ្នំា វារង្គោះរង្គើបណ្តើរៗហើយ”។

សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី ថាលោកមិនដឹងថាបក្សកាន់អំណាចបំបែកបំបាក់បក្សប្រឆំាងឬយ៉ាងណានោះទេ។ ប៉ុន្តែលោកថា បើតាមការសង្កេតជាក់ស្តែង គណបក្សកាន់អំណាចព្យាយាមធ្វើឲ្យគណបក្សប្រឆំាងជួបបញ្ហាធំៗ៣ រួមមាន ការកាត់ប្រាក់ខែអ្នកតំណាងរាស្ត្រ បំបែកការទំនាក់ទំនងលោក សម រង្ស៊ី ពីលោក កឹម សុខា និងការទិញទឹកចិត្តសមាជិកបក្សឲ្យចូលទៅបក្សកាន់អំណាចតែអាណត្តិនេះបានតិចតួច។ ប៉ុន្តែលោកថា យុទ្ធសាស្ត្រនេះមិនមានប្រសិទ្ធិភាពនោះទេ។

យ៉ាងណាក៏ដោយលោកព្រួយបារម្ភថា បើថ្ងៃខាងមុខមានហិង្សាណាមួយកើតឡើងរវាងអ្នកគំាទ្របក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ លោកថា គណបក្សកាន់អំណាចអាចទំលាក់កំហុសទៅបក្សប្រឆំាង ដើម្បីរំលាយគណបក្សជំទាស់នោះ។ លោកបន្ថែមថា៖ ”ខាងមុខយើងនៅមានជំនឿថាអាចនៅមានព្យុះពីរបីធំៗទៀត ដូចជាព្យុះទាក់ទងការធ្វើបំបាត់ យើងហៅថាធ្វើបំបាក់ក្បាលម៉ាស៊ីនដឹកនាំរបស់សង្គ្រោះជាតិ ហើយវាអាចមាន ក្រែងលមានអំពើហិង្សាទំាងឡាយ ដែលកំហុសទំាងឡាយនឹងអាចត្រូវបានទំលាក់មកលើគណបក្សសង្គ្រោះជាតិ ព្រោះមានអំពើហិង្សា ហើយពេលនោះយើងមានការសង្ស័យថាវាអាចឈានទៅដល់ការរំលាយគណបក្សសង្គ្រោះជាតិដោយការចោទប្រកាន់បែបណាមួយនោះ”។

គេនៅចំាបានថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រឆំាងបានពហិការមិនចូលប្រជុំសភា និងធ្វើបាតុកម្មប្រឆំាងនឹងលទ្ធផលបោះឆ្នោតជិត១ឆ្នាំ។ ក្រោយពីស្ថានការនយោបាយថយកំម្តៅ នៅឆ្នាំ២០១៥ មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆំាង គឺសម្តេច ហ៊ុន សែន នឹងលោក សម រង្ស៊ី បានណាត់គ្នាជាបន្តបន្ទាប់ ដូចជា ចូលរួមបុណ្យចូលឆ្នាំខ្មែរនៅអង្គរវត្ត ខេត្តសៀមរាប ដោយមិនមានវត្តមានលោក កឹម សុខា នោះទេ។ លើសពីនេះទៀតមេដឹកនាំទំាងពីរក៏បានជួបគ្នាជាលក្ខណៈក្រុមគ្រួសារទទួលទានហាររួមគ្នាផងដែរ។

បើតាមអ្នកវិភាគ លើកឡើងថា នៅពេលនោះសម្តេចហ៊ុន សែន ព្យាយាមយកចិត្តលោក សម រង្ស៊ី ដើម្បីឲ្យលោក កឹម សុខា ច្រណែននិងមានការភ័ន្តច្រឡំ ហើយអាចឈាមដល់ការរង្គោះរង្គើផ្ទៃក្នុងរបស់បក្ស។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិភាគថា យុទ្ធសាស្ត្ររបស់មេដឹកនាំបក្សកាន់អំណាចមិនមានប្រសិទ្ធិភាពនោះទេ ដោយថា គណបក្សប្រឆាំងនៅតែមានការសាមគ្គីគ្នាដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ