ទីក្រុងរបស់ចិនមួយទៀតស្ថិតនៅភាគកណ្តាលនៃប្រទេសកំពុងប្រឈមនិងការប្រកាសអាសន្នចំពោះជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំកាលពីយប់មិញហើយបានលិចផ្នែកខ្លះនៃទីក្រុង។
សារព័ត៌មាន BBC ចុះផ្សាយថាទឹកភ្លៀងបានប៉ះពាល់ដល់មធ្យោបាយដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក និងការផ្គត់ផ្គង់ថាមពលដែលជះឥទ្ធិពលលើមនុស្សប្រមាណ១០លាននាក់ ហើយពេលនេះប្រជាពលរដ្ឋជាច្រើននៅក្នុងផ្ទះមិនអាចចេញក្រៅបាន។
ទឹកជំនន់បានសម្លាប់ពលរដ្ឋចិនអស់ជាង១៨០នាក់ ហើយកំពុងធ្វើឲ្យចិនជួបភាពវឹកវរ។
នគរបាលនៅក្នុងខេត្ត Anhui បានព្រមានពីស្ថានភាពគ្រោះថ្នាក់នៃទឹកជំនន់នោះ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព។
ទឹកជំនន់នៅក្នុងប្រទេសចិនកំពុងប៉ះពាល់មនុស្ស៣២លាននាក់នៅក្នុងខេត្តចំនួន២៦ហើយបានបណ្តាលឲ្យមនុស្សចំនួន១៨៦នាក់ស្លាប់និង៤៥នាក់កំពុងបាត់ខ្លួន។ ចំណែកពលរដ្ឋចំនួន១លាន៤សែននាក់ផ្លាស់ទីលំនៅ ហើយផ្ទះចំនួន៥៦ ០០០រងការខូចខាត៕