ចិនព្រមានសហរដ្ឋអាមេរិកថាមិនត្រូវធ្វើអ្វីដែលអាក្រក់ប៉ះពាល់ដល់ដែនអធិបតេយ្យភាពនិងសន្តិសុខរបស់ចិននៅសមុទ្រចិនខាងត្បូងទេ ខណៈតុលាការអន្តរជាតិកំពុងត្រៀមសេចក្តីសម្រេចលើករណីនេះ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានហៅទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី ហើយប្រាប់ឲ្យអាមេរិកត្រូវសន្យាមិនចូលដៃជួយភាគីណាមួយនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ។ នេះបើតាមសារព័ត៌មាន BBC។
លោក វ៉ាង យី បានបង្ហាញក្តីសង្ឃឹមថាទាំងការនិយាយនិងការធ្វើសកម្មភាព អាមេរិកមិនត្រូវធ្វើឲ្យប៉ះពាល់ដែនអធិបតេយ្យភាពនិងផលប្រយោជន៍របស់ចិននោះទេ។
ភាពតានតឹងនិងជម្លោះជាប្រវត្តិសាស្ត្រនេះកាន់តែកើនឡើង ខណៈតុលាការអាជ្ញាកណ្តាលអន្តរជាតិនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនជុំវិញបណ្តឹងរបស់ហ្វីលីពីន ប្តឹងចិនករណីជម្លោះនៅសមុទ្រចិខាងត្បូងនៅថ្ងៃទី១២ខែកក្កដាខាងមុខ៕