កម្លាំងសន្តិសុខត្រូវបានដាក់បន្ថែមក្នុងការយាមកាមនៅព្រលានយន្តហោះ ផ្លូវរថភ្លើង និងកំពង់ផែនៅតៃវ៉ាន់ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបានបណ្តាលមនុស្ស២៤នាក់រងរបួស។
រដ្ឋបាលគ្រប់គ្រងផ្លូវដែកបានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា រដ្ឋមន្ត្រីដឹកជញ្ជូនរបស់តៃវ៉ាន់បានរៀបចំជាបន្ទាន់សម្រាប់ឲ្យមានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅផ្លូវដែកព្រលានយន្តហោះ ហើយស្នើឲ្យនគរបាលរឹតបន្តឹងសន្តិសុខនៅគ្រប់ស្ថានីយរថភ្លើង។ នេះបើតាមសារព័ត៌មាន Channel News Asia។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធត្រូវបង្កើតក្រុមការងារបន្ទាន់មួយ ដើម្បីស៊ើបអង្កេតលើករណីវាយប្រហារនេះ៕