គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ៊្សូ អាបេ បានប្រកាសពីជោគជ័យនៅក្នុងការបោះឆ្នោតនៅសភាជាន់ខ្ពស់ ដោយលោកនិយាយថាអ្នកបោះឆ្នោតបានគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់លោក។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាសម្ព័ន្ធគណបក្សរបស់លោក អាបេ ទទួលបានអាសនៈពាក់កណ្ដាលនៃព្រឹទ្ធសភាឬស្មើនឹង១២១កៅអីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ។ ពុំមានសញ្ញាណាបង្ហាញពីការផ្លាស់ប្ដូរអំណាចនោះឡើយ ដោយសារសម្ព័ន្ធចម្រុះដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ នោះបានគ្រប់គ្រងលើរដ្ឋសភារួចមកហើយ ប៉ុន្តែការបោះឆ្នោតនេះគឺជាទម្រង់ដ៏សំខាន់ដែលបង្ហាញពីទំហំនៃការគាំទ្ររបស់មហាជនទៅលើសម្ព័ន្ធរបស់លោក អាបេ។
សារព័ត៌មាន BBC បានផ្សាយថា ប្រសិនលោក អាបេ ទទួលបានសំឡេង២ភាគ៣ដូចគ្នាទៅនឹងអាសនៈដែលលោកទទួលបាននៅសភាជាន់ទាបនោះ លោក អាបេ អាចរៀបចំការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យមានសកម្មភាពកងទ័ពនៅឯបរទេស។
ប៉ុន្តែលោក អាបេ និយាយថាវាដូចជាលឿនពេកដែលត្រូវនិយាយអំពីការកែប្រែរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស់នេះ។
អាសនៈពាក់កណ្ដាលនៃចំនួនសរុប២៤២កៅអីនៅក្នុងសភាជាន់ខ្ពស់ត្រូវបានគណបក្សលោក អាបេ ដណ្ដើមយកបាន។
ទូរទស្សន៍ជប៉ុន NHK បានផ្សាយថាគណបក្សប្រជាធិតេយ្យសេរីរបស់លោក អាបេ និងគណបក្ស កូមីតូ ដែលជាដៃគូចម្រុះក្នុងរដ្ឋាភិបាលនោះ នឹងទទួលបានអាសនៈចន្លោះពី៦៧ទៅ៧៦អាសនៈ។
ដៃគូចម្រុះរបស់លោក អាបេ បានគ្រប់គ្រងអាសនៈចំនួន៧៧រួចហើយនៅក្នុងសភាជាន់ខ្ពស់៕