ប្រទេសចិនបានប្ដេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យរបស់គេនៅសមុទ្រចិនខាងត្បូង ហើយនៅតែអះអាងថា ខ្លួនមានសិទ្ធិតាំងតំបន់ការពារដែនអាកាស បន្ទាប់ពីប្រទេសនេះច្រានចោលសាលក្រមរបស់តុលាការអន្តរជាតិមួយដែលបានកាត់ក្ដីឲ្យប្រទេសចិនចាញ់កាលពីថ្ងៃម្សិលមិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយចិនដែលបានចាត់ទុកតុលាការមជ្ឈត្តកម្មនៅទីក្រុងឡាអេ គឺជា «អាយ៉ង» នៃកម្លាំងខាងក្រៅ បន្ទាប់ពីតុលាការនេះបានសម្រេចថា ចិនបានរំលោភទៅលើអធិបតេយ្យភាពរបស់ហ្វីលីពីនតាមរយៈការបញ្ជូននាវានិងទូកនេសាទរបស់ខ្លួនទៅសមុទ្រចិនខាងត្បូង។
ក្រុងប៉េកាំងបានថ្កោលទោសអាមេរិកម្ដងហើយម្ដងទៀតថាបានបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ជាទីដែលចិនអះអាងជាម្ចាស់លើតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងតៃវ៉ាន់។
សារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនីស្តចិនបាននិយាយនៅក្នុងអត្ថបទវិចារណកថាទំព័រមុខនៅថ្ងៃនេះថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ។
វិវាទនេះនៅចំផ្លូវពាណិជ្ជកម្មដ៏មមាញឹកមួយនេះត្រូវបានគេចាត់ទុកជាការសាកល្បងរបស់មហាអំណាចចិនក្នុងការប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក។
ក្រុងប៉េកាំងបានហៅការអះអាងជាម្ចាស់របស់ហ្វីលីពីនលើដែនទឹកនៅសមុទ្រចិនខាងត្បូងថា «គ្មានមូលដ្ឋាន» និងជា«ទង្វើនៃជំនឿអាក្រក់»៕