បន្ទាប់ពីតុលាការអន្តរជាតិមួយនៅទីក្រុងឡាអេបានសម្រេចឲ្យប្រទេសចិនចាញ់ក្ដីប្រទេសហ្វីលីពីនជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរួចមក ក្រុងប៉េកាំងបានច្រានចោលទាំងខឹងសម្បារចំពោះសាលក្រមអន្តរជាតិនេះ។
ចិនបានអះអាងជាម្ចាស់លើដែនទឹកស្ទើតែទាំងអស់នៅសមុទ្រចិនខាងត្បូង បើទោះបីបណ្ដាប្រទេសអាស៊ានជាពិសេសហ្វីលីពីនជំទាស់ក៏ដោយ។
ប៉ុន្តែកាលពីថ្ងៃម្សិលមិញ តុលាការអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិបានសម្រេចថាចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រចំពោះតំបន់នោះទេ។
ចំណែកក្រុងម៉ានីលដែលបានដាក់បន្ដឹងប្រឆាំងក្រុងប៉េកាំងនោះបានស្វាគមន៍សេចក្ដីសម្រេចនេះ ខណៈចិន ដែលធ្វើពហិកាដំណើរការសវនាការនោះ បាននិយាយថាមិនទទួលយក ហើយក៏មិនទទួលសាលក្រមនេះដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីក្រសួងការបរទេសចិនដែលបាននិយាយថាសេចក្ដីសម្រេចនោះពុំត្រឹមត្រូវនោះឡើយ ហើយក៏មិនមែនចាប់បង្ខំដែរ។
ចំណែកទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានដកស្រង់សម្ដីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលនិយាយថា កោះទាំងនោះគឺជាដែនទឹកចិនតាំងពីបុរាណ ហើយក្រុងប៉េកាំងនឹងមិនទទួលយកវិធានការណាផ្អែកតាមសេចក្ដីសម្រេចនោះឡើយ៕