រដ្ឋាភិបាលចិនកាលពីថ្ងៃពុធម្សិលមិញព្រមានប្រទេសផ្សេងៗថាខ្លួននឹងប្រកាសពីដែនការពារលំហអាកាសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង បើសិនជាភាពតានតឹងនៃជម្លោះកាន់កើនឡើងខ្លាំងនោះ។
ការព្រមានរបស់រដ្ឋាភិបាលចិននេះគឺធ្វើឡើងបន្ទាប់តុលាការអន្តរជាតិនៅទីក្រុងឡាអេប្រកាសកាលពីថ្ងៃទី១២ខែកក្កដាឲ្យចិនចាញ់ក្តីហ្វីលីពីនលើជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជាក់ថាទីក្រុងប៉េកាំងមិនមានសិទ្ធិស្របច្បាប់គ្រប់គ្រងលើដែនសមុទ្រកំពុងមានជម្លោះជាមួយហ្វីលីពីនទេ។ នេះបើតាមសារព័ត៌មាន ABC។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក Liu Zhenmin ថ្លែងថាទីក្រុងប៉េកាំងអាចនឹងប្រកាសពីតំបន់ដែនការពារអាកាសរបស់ខ្លួនដែលគ្រប់ដណ្តប់លើដែនទឹកបើសិនជាការគំរាមកំហែងចេះតែបន្តកើនឡើងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែលោកបញ្ជាក់ថាទីក្រុងប៉េកាំងបែងចែកកន្លែងយកប្រេងជាមួយរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីនដែលលោកថា នេះជាកិច្ចសហប្រតិបត្តិការក្នុងការបែងចែកផលប្រយោជន៍ចំពោះប្រទេសដែលសហការជាមួយចិន៕