បក្សប្រឆាំងថាអាមេរិកបន្តលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងពីបុព្វហេតុប្រជាធិបតេយ្យ

មន្ត្រីជាន់ខ្ពស់មួយរូប​និងជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក​ ប៉ុល ហំម (ដោយ ញឹម សុខន)

គណបក្សប្រឆាំងថាសហរដ្ឋអាមេរិកបន្តជំរុញលើកទឹកចិត្តឲ្យគណបក្សនេះជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា ខណៈមេដឹកនាំគណបក្សនោះកំពុងប្រឈមនឹងផ្លូវច្បាប់ដែលគេយល់ថាជាសម្ពាធនយោបាយ។

ប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ខែកក្កដានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម អះអាងថានៅយប់មិញនេះ លោក កឹម សុខា បានសន្ទនាតាមទូរសព្ទជាមួយប្រធានក្រុមសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសកម្ពុជា លោក អាឡេន ឡូវិនថាល់ (Alan Lowenthal)។

លោក ប៉ុល ហំម បន្តថាក្នុងកិច្ចសន្ទនានោះលោក Alan បានលើកទឹកចិត្តដល់លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់លោកក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស សម្រាប់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរ។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនោះឲ្យដឹងទៀតថាក្រៅពីនោះ សហរដ្ឋអាមេរិកបានសន្យាថានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយតានតឹងបច្ចុប្បន្ននិងបន្តទំនាក់ទំនងសហការជាមួយលោក កឹម សុខា អំពីការវិវត្តនៃស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា។

លោក ប៉ុល ហំម ចាត់ទុកថានេះជាការកម្រមួយដែលប្រទេសមហាអំណាចនិយាយចំៗជាចំហរជាមួយគណបក្សសង្គ្រោះជាតិពីស្ថានការណ៍នយោបាយនៅកម្ពុជា។

លោកថា៖ «តាមធម្មតាយើងដឹងហើយ វាមិនដែលមានអ្នកការទូតណាឬក៏សមាជិកសភាណាមកបង្គាប់បញ្ជាយើងថាត្រូវធ្វើយ៉ាងម៉េចៗទេ អាហ្នឹងវាជារឿងរបស់យើង។ ប៉ុន្តែយើងគាំទ្រសកម្មភាពមួយ យើងការពារឲ្យមានការគោរពពេញលេញនូវលទ្ធិប្រជាធិបតេយ្យនៃប្រទេស»

ការជំរុញលើកទឹកចិត្តគណបក្សប្រឆាំងពីការជំរុញយន្តការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកពេលនេះចំពេលដែលប្រធានគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងនីរទេសខ្លួននៅក្រៅប្រទេសគេចចេញពីការចាប់ខ្លួន លោក កឹម សុខា បានស្នាក់នៅស្នាក់ការបក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦រហូតពេលនេះ ខណៈសកម្មជនរបស់ខ្លួនជិត២០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងនោះមានទាំងតំណាងរាស្ត្រ២រូបផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថារដ្ឋាភិបាលនឹងមិនទទួលយកសម្ពាធណាមួយឡើយពីសហគមន៍អន្តរជាតិ ព្រមទាំងបានព្រមាមថាបើមានការចរចាណាមួយតាមរយៈវប្បធម៌សន្ទនាមែននោះ លោកថា គណបក្សប្រជាជនកម្ពុជានឹងមិនជជែកពីអ្នកដែលកំពុងជាប់ឃុំនិងអ្នកដែលតុលាការកំពុងដំណើនីតិវិធីនោះទេ។

ប៉ុន្តែកន្លងទៅសហរដ្ឋអាមេរិកនិងសភាពអឺរុបរួមទាំងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យមួយចំនួនទៀតធ្លាប់ជំរុញឲ្យគណបក្សទាំងពីរវិលទៅរកតុចរចាដែលពួកគេថាដើម្បីធានាដល់ការគោរពសិទ្ធិមនុស្សនិងធានាដល់ការបោះឆ្នោតដែលកម្ពុជាគ្រោងធ្វើនៅឆ្នាំ២០១៧និង២០១៨ខាងមុខ។

អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅ (CHRAC) សួន ប៊ុនស័ក្តិ យល់ថាជំហររបស់សហរដ្ឋអាមេរិកស្របតាមស្មារតីរដ្ឋធម្មនុញ្ញរបស់កម្ពុជានិងកតិកាសញ្ញាអន្តរជាតិស្តីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

លោកថា៖ «ខ្ញុំយល់ថាសមាជិករដ្ឋសភាអាមេរិកកាំងដែលបានផ្តល់យោបល់ឲ្យលោក កឹម សុខា ប្រឹងប្រែងតស៊ូដើម្បីបុព្វហេតុការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាហ្នឹង។ ខ្ញុំគិតថាជាការលើកទឹកចិត្តត្រឹមត្រូវ ហើយវាស្របតាមគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាយើង ពីព្រោះថាគោលនយោបាយរបស់កម្ពុជាយើងដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញគឺកម្មវិធីគោរពសិទ្ធិមនុស្សគឺលោកការពារប្រជាធិបតេយ្យ»

ក្រោយពីស្ថានការណ៍នយោយនៅកម្ពុជាមិនទាន់វិលទៅរកស្ថានភាពដើមពោលគឺមន្ត្រីសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក មន្ត្រី គ.ជ.ប មួយរូបនិងមន្ត្រីបក្សប្រឆាំងនៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ រួមទាំងការបន្តនីតិវិធីរបស់តុលាការទៅលើមេដឹកនាំបក្សប្រឆាំងផងនោះ សហរដ្ឋអាមេរិកបានស្នើឲ្យព្រឹទ្ធសភារបស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជាប្រមានជា៧៧,៨លានដុល្លារអាមេរិក ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ