តុលាការអាមេរិកបានសម្រេចឲ្យបុរសជាអ្នកជំនួញជនជាតិចិនម្នាក់ជាប់ពន្ធនាគារជិត៤ឆ្នាំ ដោយចោទបុរសនោះថា បានលួចរបាយការណ៍យោធា អាមេរិកពីតាមក្រុមហ៊ុនចន្លោះឆ្នាំ២០០៨ដល់២០១៤។
បុរសអ្នកជំនួញជនជាតិចិននោះឈ្មោះ Su Bin ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រទេសកាណាដា កាលពីឆ្នាំ២០១៤ ហើយធ្វើបត្យាប័នបញ្ជូនទៅអាមេរិកវិញនៅឆ្នាំដដែល។ ទោះយ៉ាងណារដ្ឋាភិបាលចិនបានបដិសេធថាពលរដ្ឋរបស់ខ្លួនជាប់ពាក់ព័ន្ធការលួចរបាយការណ៍យោធាអាមេរិកពីក្រុមហ៊ុនឬរដ្ឋាភិបាលនេះ។ នេះបើតាមសារព័ត៌មាន BBC។
លើសពីការសម្រេចឲ្យជាប់ទោស៤៦ខែនៅក្នុងពន្ធនាគារ តុលាការនៅទីក្រុង Los Angeles ក៏បានបញ្ជាឲ្យលោក Su បង់ប្រាក់ពិន័យចំនួន១០០០០ដុល្លារអាមេរិកបន្ថែមទៀតផង៕