សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រតិកម្មទៅនឹងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យសហភាពអឺរ៉ុបបិទការនាំចូលផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា។
នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជា និងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃនេះ លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងថា ប្រសិនបើសហភាពអឺរ៉ុបកាត់បន្ថយការនាំចូលសម្លៀកបំពាក់និងស្បែកជើងពីប្រទេសកម្ពុជា កម្មករ-កម្មការិនីកម្ពុជានឹងទទួលរងផលប៉ះពាល់។
លោក ខេន លូ បានមានប្រសាសន៍ថា៖ “សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ហើយបើសហភាពអឺរ៉ុបចាត់វិធានការណាមួយដើម្បីបន្ថយការនាំចូល មានន័យស្មើនឹងការវាយបំបែកឆ្នាំងបាយរបស់កម្មករយ៉ាងដូច្នោះដែរ”។
ក្រៅពីថ្លែងរិះគន់ទៅលើមេដឹកនាំគណបក្សលោក សម រង្ស៊ី សមាគម GMAC ក៏បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីថែរក្សាឧស្សាហកម្មមួយនេះ ខណៈដែលលោក ខេន លូ បញ្ជាក់ថា ឧស្សាហកម្មនេះប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងទាំងនៅកម្រិតតំបន់និងពិភពលោក៕