ប្រធានាធិបតីតួកគីលោក រីស៊ីប តៃយីប អ៊ីឌូហ្គាន កាលពីថ្ងៃពុធម្សិលមិញបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នចំនួន៣ខែ ដើម្បីយកពេលបោសសម្អាតពួកភេរវជនដែលនៅពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមកាលពីសប្តាហ៍មុន។
លោក អ៊ី ឌូហ្គាន ចោទថាគូសត្រូវរបស់លោកដែលរៀបចំធ្វើរដ្ឋប្រហារនោះគឺជាបព្វជិត Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយ។ ក្នុងយុទ្ធនាការដែលរដ្ឋាភិបាលកំពុងបោសសម្អាតនេះ មានការឃាត់ខ្លួនមនុស្សចំនួន៥០០០នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារបង្ហូរឈាម។ នេះបើតាមសារព័ត៌មាន Channel News Asia។
ប្រធានាធិបតី អ៊ីឌូហ្គាន បញ្ជាក់ថាការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នគឺជាការរៀបចំផែនការបោសសម្អាតពួកបះបោរឲ្យបានឆាប់រហ័ស។
រដ្ឋាភិបាលបាននិយាយថារដ្ឋប្រហារកាលពីសប្តាហ៍មុនបានបណ្តាលឲ្យមនុស្ស៣១២នាក់ស្លាប់ ក្នុងនោះមាន១៤៥នាក់ជាជនស៊ីវិល ៦០នាក់ជានគរបាល រួមជាមួយទាហ៊ាន៣នាក់ និងអ្នករួមគំនិត១០៤នាក់ផ្សេងទៀត៕