សកម្មជនដែលសកម្មក្នុងយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះ បានសម្រេចផ្អាកយុទ្ធនាការរបស់ខ្លួនបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ។
តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី បានប្រាប់វីអូឌីថាសម្រាប់សប្តាហ៍នេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសហគមន៍របស់លោកស្រីបានផ្អាកបណ្តោះអាសន្នសិន ដោយសារតែមិនត្រៀមលក្ខណៈសម្រាប់ថ្ងៃនេះ ព្រោះសហគមន៍លោកស្រីបានចូលរួមហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើតនៅខេត្តតាកែវ។ ប៉ុន្តែអ្នកស្រី អះអាងថាសម្រាប់សប្តាហ៍ក្រោយ សហគមន៍ដីធ្លីនឹងបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបន្តទៀត។
ដូចគ្នានេះដែរតំណាងអតីតសហគមន៍បណ្តាញស្រ្តីបឹងកក់ កញ្ញា អ៊ឹម ស្រីទូច បានឲ្យដឹងថាការផ្អាកយុទ្ធនាការនេះដោយសារតែសហគមន៍ពុំបានត្រៀមលក្ខណៈសម្រាប់យុទ្ធនាការនេះដោយជាប់រវល់ចូលរួមហែសពលោកបណ្ឌិត កែម ឡី។
គួរបញ្ចាក់ថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបានធ្វើចំនួន១១លើករួចហើយ ដោយសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដែលជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងលោក កឹម សុខា ។ អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការឃុំខ្លួននេះជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំ៕