ចិននិងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងដែនសមុទ្រចិនខាងត្បូងនៅខែកញ្ញាខាងមុខនាំឲ្យមានការព្រួយបារម្ភថាការធ្វើសមយុទ្ធនេះកាន់តែធ្វើឲ្យស្ថានភាពនៅទីនោះកាន់តែតានតឹង។
ទោះយ៉ាងណារដ្ឋមន្ត្រីការពារជាតិចិន ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការធ្វើ សមយុទ្ធនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ហើយថា មិនមានបំណង គំរាមដល់ប្រទេសផ្សេងទេ។
ការរៀបចំធ្វើសមយុទ្ធរវាងមហាអំណាចទាំងពីរនេះគឺចំពេញ ពេលដែលស្ថានការណ៍នយោបាយកំពុងតែតានតឹងខ្លាំង។ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេបានចេញសេក្តីសម្រេចកាលពីថ្ងៃទី១២ខែកក្កដាសម្រេចឲ្យហ្វីលីពីនឈ្នះក្តីលើជម្លោះនៅសមុទ្រចិនខាងត្បូង តែចិនបដិសេធមិនទទួលយកសេចក្តីសម្រេចនោះទេ ដោយចោទថានោះជាឆាកល្ខោនដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក។
តុលាការអន្តរជាតិក៏បានចោទប្រកាន់ថាចិនកំពុងធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិនៅសមុទ្រចិនខាងត្បូង។
ការធ្វើសមយុទ្ធនេះជាសមយុទ្ធប្រចាំឆ្នាំដែលចិននិងរុស្ស៊ីតែងធ្វើជាមួយគ្នាក្នុងការពង្រឹងផ្នែកយោធាក្នុងការអភិវឌ្ឍបច្ចេកទេសចិននិងរុស្ស៊ីក្នុងភាពជាដៃគូ។
លោក Yang Yujun អ្នកនាំពាក្យក្រសួងការពារជាតិចិនថ្លែងការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងឬ ប្រឆាំងប្រទេសទី៣ទេ៕