មេដឹកនាំរបបយោធាថៃកាលពីថ្ងៃម្សិលមិញបាននិយាយថាផែនការឥណទានអង្កររបស់រដ្ឋាភិបាលលោកស្រី យីឡាក់ ស៊ីណាវ៉ាត់ត្រា បានធ្វើឲ្យរដ្ឋខាតបង់ថវិកាជាង៨ពាន់លានដុល្លារ ហើយថាអតីតនាយករដ្ឋមន្ត្រីរូបនេះ គួរតែត្រូវបានគេប្ដឹងចំពោះការខាតបង់នេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី យីងឡាក់ ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ថៃត្រូវបានបណ្ដេញចេញពីតំណែងតាមរយៈរដ្ឋប្រហារយោធា មុននឹងប្រមុខកងទ័ពលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដណ្ដើមអំណាចកាលពីខែឧសភា ឆ្នាំ២០១៤។
ផែនការអង្ករនោះគឺជាកាតាលីករដ៏សំខាន់ដែលជំរុញឲ្យមានបាតុកម្មនានានិងនាំឲ្យពួកយោធាដណ្ដើមអំណាច។
ចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានចោទប្រកាន់ជុំវិញផែនការនេះ ហើយកំពុងស្ថិតក្រោមការវិនិច្ឆ័យទោសចំពោះបទល្មើសដាច់ដោយឡែក ដែលអាចឲ្យលោកស្រីជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
សព្វថ្ងៃនេះរបបយោធាថៃនិយាយថាខ្លួននឹងជំរុញករណីខូចខាតស៊ីវិលមួយនេះប្រឆាំងនឹងលោកស្រីនិងអតីតរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនទៀត។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ផាណាដា ឌីសាកុល ដែលបានប្រាប់អ្នកយកព័ត៌មានថាគណៈកម្មាធិការស្វែងរកការពិតបានរកឃើញថាតម្លៃខូចខាតនៃផែនការអង្ករនោះ មានចំនួនជាង២៨៦ពាន់លានបាតឬប្រហែល៨.២ពាន់ដុល្លារ។
ផែនការអង្ករបានផ្ដល់ជូនកសិករនូវតម្លៃជិតគុណនឹងពីរធៀបនឹងតម្លៃទីផ្សារ ដោយបានស្រូបយកប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងមូលដ្ឋានគាំទ្រសំខាន់ៗរបស់លោកស្រី យីងឡាក់ នៅភាគឦសានប្រទេសថៃដែលជាប្រភពផលិតស្រូវអង្ករធំរបស់ប្រទេសនេះ៕