បញ្ញត្តិករទូរគមនាគមន៍ថៃកាលពីថ្ងៃម្សិលមិញបានឯកភាពជាគោលការណ៍ ដែលតម្រូវឲ្យភ្ញៀវទេសចរបរទេសប្រើប្រាស់ស៊ីមកាតពិសេសដែលអាចឲ្យអាជ្ញាធរតាមដានពួកគេបាន។ នេះដោយយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃដែលបានដកស្រង់សម្ដីពីមន្ត្រីគមនាគមន៍ថៃ។
អគ្គលេខាធិការគណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ លោក Takorn Tantasith បានថ្លែងថាការសម្រេចបែបនេះកំពុងស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិ។
គណៈកម្មការនេះនឹងពិភាក្សាពីវិធានការជាមួយប្រតិបត្តិករទូរស័ព្ទ នាយកដ្ឋានគយ និងទីភ្នាក់ងារដទៃទៀតរបស់រដ្ឋ។
មន្ត្រីថៃរូបនេ បន្ថែមថា ប្រតិបត្តិករទូរស័ព្ទថៃអាចកំណត់ទុកមុនអំពីបច្ចេកទេសមួយចំនួននៅក្នុងស៊ីមកាត ដើម្បីធានាថាពួកគេអាចកំណត់បានទីតាំងរបស់អ្នកប្រើប្រាស់ដែលមិនអាចឲ្យអ្នកប្រើប្រាស់បិទបាននោះឡើយ។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍និងកីឡាថៃ បានឲ្យដឹងថានៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំនេះ ភ្ញៀវទេសចរជាង១៩លាននាក់បានចូលទៅប្រទេសនេះ ពោលគឺបានកើនឡើង១២ភាគរយធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕