អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាមេធ កាលពីថ្ងៃម្សិលមិញបានដាក់ពាក្យជាផ្លូវការ ដើម្បីបង្កើតគណបក្សថ្មី សម្រាប់ទទួលខុសត្រូវបន្តពីលោក ណាជីប រ៉ាហ្សាក់ ដែលកំពុងស្ថិតក្រោមការសង្ស័យពុករលួយពាក់ព័ន្ធនឹងមូលនីធិរដ្ឋដែលគាត់គ្រប់គ្រង។
ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សាយថា ពាក្យស្នើសុំបង្កើតគណប្សថ្មីឈ្មោះថា គណបក្សប្រជាជនម៉ាឡេស៊ីរួបរួម ត្រូវបានបញ្ជូនទៅផ្នែកចុះបញ្ជីហើយ ដោយមានលោក មហាធៀ ជាប្រមុខបក្ស ហើយលោក មូយីដឌីន យ៉ះស៊ីន ជាប្រធាន។
លោក មហាធៀ មូហាមេធ វ័យ៩០ឆ្នាំ បានដឹកនាំប្រទេសម៉ាឡេស៊ីចាប់ពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។ កាលពីឆ្នាំមុន លោកបានដើរតួជាមេដឹកនាំជំទាស់ក្នុងការដឹកនាំក្រុមបក្សជំទាស់ប្រឆាំងនឹងគូប្រជែង លោក ណាជីប។
លោក មូយីដឌីន បានប្រាប់កាសែតថា គោលបំណងរបស់បក្ស គឺប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការរំលោភអំណាច។
លោក មូយីដឌីន គឺជាឧបនាយករដ្ឋមន្ត្រីរបស់លោក ណាជីប មុននឹងលោកត្រូវបានទម្លាក់ចេញពីតំណែងកាលពីខែកក្កដាឆ្នាំមុននៅក្នុងយុទ្ធនាការបោសសម្អាតមួយ ក្រោយពីមានការទម្លាយពីកាសែតអាមេរិក Wall Street Journal ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប បានទទួលលុយ៦៨១លានដុល្លារពីក្រុមហ៊ុននានាជាប់ពាក់ព័ន្ធនឹងមូលនីធិវិនិយោគរបស់រដ្ឋ។
ក្រុមហ៊ុន Malaysia Development Berhad ដែលទទួលមូលនីធិពីលោក ណាជីព គឺស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ ដែលលោក ណាជីប ក៏ជាប្រមុខផងដែរ។ រហូតដល់ឧសភាកន្លងមក លោក ណាជីប ក៏ជាទីប្រឹក្សានៃមូលនីធិនេះផងដែរ។
លោក មូយីដឌីន ក៏ត្រូវបានបណ្ដេញចេញពីបក្សកាន់អំណាច United Malays National Organization ដែលដឹកនាំដោយលោក ណាជីប ផងដែរ ដោយសារតែលោកបានរិះគន់មេដឹកនាំខ្លួនឯងនិងរឿងអាស្រូវពុករលួយជុំវិញមូលនិធិរបស់ Malaysia Development Berhad៕