យោធាថៃបាននិយាយថាខ្លួនកំពុងស្វែងរកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនៅភាគខាងជើងប្រទេសថៃជាមួយមនុស្ស៥នាក់នៅលើឧទ្ធម្ភាគចក្រនោះ ក្នុងនោះមានទាំងឧត្ដមសេនីយ៍ទោមួយរូបផងដែរ។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោកឧត្ដមសេនីយ៍ ស៊ុំសក្តិ និនបានចឺតត្រកូន មេបញ្ជាការយោធាភូមិភាគទី៣ ប្រចាំភាគខាងជើងប្រទេសថៃ ដែលបានថ្លែងថាឧទ្ធម្ភាគចក្រ UH-72 មួយគ្រឿងបានបាត់ពីរ៉ាដានៅម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃម្សិលមិញ ក្រោយពីហោះហើរបាន៣០នាទី។
លោកបន្ថែមថាក្នុងចំណោមអ្នកដំណើរទាំងនោះមានលោកឧត្ដមសេនីយ៍ទោ ណុបផន រួនច័ន្ទ មេបញ្ជាការកងទ័ពថ្មើរជើងទី៤ផងដែរ។
អ្នកនាំពាក្យយោធាថៃលោក វីនថៃ សុរ៉ាវី បានថ្លែងថាឧទ្ធម្ភាគចក្រនោះនៅបន្តបាត់ខ្លួននៅឡើយ។
បើតាមលោក ស៊ុំសក្តិ ឧទ្ធម្ភាគចក្រនោះបានវិលត្រឡប់ពីបេសកកម្មជួយសង្គ្រោះទឹកជំនន់នៅឯស្រុកប៉ៃ ស្ថិតនៅជិតព្រំដែនភូមា ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញនៅឯខេត្តពិស្ណុលោក៕