សពមន្ត្រីយោធាថៃ៥នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យនៅភ្នំឥន្ធនិននោះ ត្រូវបានគេរកឃើញហើយ ក្នុងនោះមានទាំងមេបញ្ជាការកងទ័ពថ្មើរជើងយោធាភូមិភាគ៤ លោកឧត្ដមសេនីយ៍ ណុបផន រួនចន្ទន៍ ផងដែរ។
លោកឧត្ដមសេនីយ៍ កុសល បឋមឆាត មេបញ្ជាការយោធាទី៣៣ នៅខេត្តឈៀងម៉ៃ បានបញ្ជាក់ថាក្រុមអ្នកស្វែងរក បានរកឃើញសពអ្នកទាំង៥នោះនិងបំណែកឧទ្ធម្ភាគចក្រកាលពីថ្ងៃម្សិលមិញ។
ចាប់តាំងពីថ្ងៃអាទិត្យកន្លងមកនេះយោធាថៃ៤០០នាក់បានចេញប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះឧទ្ធម្ភាគចក្រ UH-72 មួយគ្រឿងដែលបានបាត់ពីរ៉ាដា ក្រោយហោះហើរចាកចេញពីស្រុកប៉ៃ ក្នុងខេត្តមែហុងសន បានរយៈពេលប្រហែល៣០នាទី។
ក្រុមប្រតិបត្តិការបានរកឃើញឧទ្ធម្ភាគចក្រដែលធ្លាក់នោះនៅចម្ងាយ២គីឡូម៉ែត្រភាគនិរតីនៃស្ថានីយរ៉ាដាកងទ័ពជើងអាកាសនៅភ្នំឥន្ធនិន ស្ថិតក្នុងស្រុកមែជើម នៅម៉ោងប្រហែល១និង២០នាទីរសៀលម្សិលមិញ។
ឧទ្ធម្ភាគចក្រ UH-72 ដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុននោះ បានហោះហើរវិលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួននៅឯខេត្តពិស្ណុលោកវិញ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់នៅខេត្តមែហុងសន៕