ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃនេះបានប្ដេជ្ញាការពារទឹកដីឥណ្ឌូនេស៊ី «គ្រប់ចង្អាម» ក្រោយពីមានការប៉ះទង្គិចជាបន្តបន្ទាប់ជាមួយនាវាចិន ជុំវិញកោះនានានៅសមុទ្រចិនខាងត្បូង។
AFP បានដកស្រង់សុន្ទរកថាប្រចាំឆ្នាំ លោក វីដូដូ ដែលបានថ្លែងថាឥណ្ឌូនេស៊ីបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិវិធី ចំពោះជម្លោះក្នុងតំបន់ទៅលើការអះអាងជាម្ចាស់លើដែនកោះនៅសមុទ្រចិនខាងត្បូង។
ការលើកឡើងរបស់លោក វីដូដូ បានកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំងរវាងក្រុងប៉េកាំងនិងក្រុងហ្សាកាតា បន្ទាប់ពីមានការប៉ះទង្គិចម្ដងហើយម្ដងទៀត។
លោកថ្លែងតាមទូរទស្សន៍ថា៖ «យើងនឹងអភិវឌ្ឍតំបន់នានាដូចជា កោះអ៊ិនទីកុង កោះណាទូណា និងកោះអាតាំបួ ដើម្បីឲ្យពិភពលោកអាចមើលឃើញថាឥណ្ឌូនេស៊ីគឺជាប្រទេសធំមួយ ហើយទឹកដីគ្រប់ចង្អាមរបស់ខ្លួន ត្រូវបានយកចិត្តទុកដាក់ពិតប្រាកដ»។
កោះអ៊ិនទីកុងនិងអាតាំបួ គឺជាដែនដីដាច់ស្រយាលរបស់ឥណ្ឌូនេស៊ី មានព្រំដែនជាមួយម៉ាឡេស៊ីនិងទីម័រខាងកើត។
សុន្ទរកថារបស់លោក ត្រូវបានធ្វើឡើងចំពេលដែលក្រុងហ្សាកាតាត្រៀមប្រារព្ធទិវាឯករាជ្យជាតិនៅថ្ងៃស្អែក តាមរយៈការបាញ់កម្ទេចទូកនេសាទបរទេសខុសច្បាប់ជាច្រើនគ្រឿងដែលអាជ្ញាធរប្រទេសរឹបអូសបាននៅក្នុងដែនទឹករបស់ខ្លួន៕