ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីត្រូវបានបើកឲ្យហោះហើរទៅសហរដ្ឋអាមេរិកវិញហើយ បន្ទាប់ពីលក្ខខណ្ឌសុវត្ថិភាពជើងហោះហើរត្រូវបានបញ្ញត្តិករអាមេរិកត្រួតពិនិត្យ។
សារព័ត៌មាន BBC របស់អង់គ្លេសបានដកស្រង់សម្ដីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកដែលបាននិយាយថា ឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់សុវត្ថិភាពអាកាសចរណ៍លំដាប់ទី១វិញហើយ បន្ទាប់ពីស្ថិតក្រោមការត្រួតពិនិត្យអស់រយៈពេលជិត១ទសវត្សរ៍។
ទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ប្រទេសឥណ្ឌូនេស៊ីបានរងគ្រោះធ្ងន់ធ្ងរ ហើយបានធ្លាក់ចំណាត់ថ្នាក់របស់ខ្លួននៅឆ្នាំ២០០៧។
បើតាម BBC ថាសហភាពអឺរ៉ុបថ្មីៗនេះក៏បានដកបម្រាមពីក្រុមហ៊ុនអាកាសចរណ៍៣របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
សេចក្ដីរាយការណ៍នានាបាននិយាយថាក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Garuda អាចចាប់ផ្ដើមការហោះហើររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយជាមួយជើងហោះហើរពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុងញូវយ៉កឬក៏ទីក្រុងឡូសអែនជឺឡែស។
ឥណ្ឌានិងហ្វីលីពីនទើបតែទទួលបានចំណាត់ថ្នាក់ក្នុងប្រភេទទី១វិញនៅប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីកែលម្អសុវត្ថិភាព។ ប៉ុន្តែថៃត្រូវបានទម្លាក់ចំណាត់ថ្នាក់ទៅវិញកាលពីខែធ្នូឆ្នាំមុន៕