រដ្ឋាភិបាលយោធាថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាមនុស្សចំនួន១៥នាក់ត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅតំបន់ទេសចរណ៍កាលពីសប្តាហ៍មុន។
ទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលយោធាថៃ លោក Colonel Burin Tongprapai ថ្លែងថា ដំបូងមានការចាប់ឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ហើយបន្ទាប់មកដោះលែងពីរនាក់វិញ។ លោកបញ្ជាក់ថា អ្នកទាំង១៥នោះកំពុងឃុំនៅក្នុងបន្ទាយទាហានក្នុងទីក្រុងបាងកក។
មិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារទាំង១១គ្រាប់នៅក្នុងខេត្តចំនួន៥ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងមួយចំនួនរងរបួសនោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមអ្នកវិភាគមួយចំនួនអះអាងថាការវាយប្រហារនោះពាក់ព័ន្ធនឹងក្រុមបះបោរឥស្លាមផ្តាច់ខ្លួននៅភាគខាងត្បូងនៃប្រទេសថៃ។ ប៉ុន្តែការវាយប្រហារដែលផ្តោតលើក្រុមភ្ញៀវទេសចរនោះ ជាចំណុចដែលគេគិតថាមិនអាចឈានដល់ទេ ព្រោះបញ្ហាសំខាន់គឺតំបន់ព្រំដែនភាគខាងត្បូង៕