ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាមនុស្សប្រហែល១៨០០នាក់ ត្រូវបានគេសម្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ចាប់តាំងពីប្រធានាធីបតី លោក Rodrigo Duterte បានចូលកាន់តំណែងអស់រយៈពេល៧សប្ដាហ៍កន្លងមកនេះ និងក្រោយការចាប់ផ្ដើមសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំង។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអគ្គស្នងការនគរបាលហ្វីលីពីន លោក Ronald Dela Rosa ដែលបានថ្លែងប្រាប់គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃម្សិលមិញថា ឈ្មួញគ្រឿងញៀននិងអ្នកប្រើប្រាស់គ្រឿងញៀន៧២១នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់នគរបាល ចាប់តាំងពីថ្ងៃទី១ខែកក្កដាកន្លងមក។
លោក Dela Rosa បានថ្លែងបន្តថា នគរបាលក៏កំពុងតែស៊ើបអង្កេតទៅលើការសម្លាប់មនុស្សជាង១ពាន់នាក់ទៀតពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតនោះឡើយ។
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោក Duterte បានតវ៉ាទៅនឹងការរិះគន់ពីអង្គការសហប្រជាជាតិចំពោះកំណើននៃការសម្លាប់មនុស្សនេះ។
ចំណែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ហ្វីលីពីន បាននិយាយក្នុងរបាយការណ៍មួយថា ខ្លួន«ព្រួយបារម្ភយ៉ាងខ្លាំង» ហើយក្រសួងការបរទេសអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលលោក Duterte ធានាថា ការអនុវត្តច្បាប់គោរពតាមបទដ្ឋានសិទ្ធិមនុស្ស៕