មន្ត្រីហ្វីលីពីនអះអាងថា ពួកគេទទួលបានគុជខ្យងធម្មជាតិដែលមានទំហំធំជាងគេនៅលើពិភពលោក មានទម្ងន់៣៤គីឡូក្រាម។
មន្ត្រីនៅខេត្តផាលាវ៉ាន់ លោកស្រី Aileen Amurao ថ្លែងថាបុរសអ្នកនេសាទម្នាក់បានរើសគុជខ្យងនេះ ១០ឆ្នាំមកហើយ តែដោយសារគាត់មិនដឹងថារបស់នោះមានតម្លៃ ទើបយកទៅប្រគល់ឲ្យសមត្ថកិច្ច។ ដំបូងបុរសអ្នកនេសាទគ្រាន់តែចាត់ទុកថាគុជខ្យងនោះជាវត្ថុនាំសំណាងល្អ។ នេះបើតាមសារព័ត៌មាន BBC។
លោកស្រី Aileen Amurao ថ្លែងថាពួកគាត់សប្បាយជាខ្លាំងពេលបុរសរូបនោះយកគុជខ្យងទៅប្រគល់ឲ្យ។
មន្ត្រីនៅខេត្តផាលាវ៉ាន់ជឿជាក់ថាគុជខ្យងនេះមានទំហំជាងគេនៅលើពិភពលោក ប៉ុន្តែពួកគេនៅរងចាំការបញ្ជាក់បន្ថែមពីអ្នកជំនាញខាងត្បូងបន្តទៀត។ កន្លងទៅគេធ្លាប់តែល្បីថា គុជខ្យងដែលធំជាងគេគឺមាននៅក្នុងប្រទេសឡាវ ដែលមានទម្ងន់៦,៤គីឡូក្រាម។
គុជខ្យងជាប្រភេទគុជដែលកើតចេញពីជាលិកាសត្វមានសំបករឹងដូចជា ខ្យង គ្រម ងាវ លៀសជាដើម។